
យ៉ាងហោចណាស់ប្រទេសអ៊ឺរ៉ុបចំនួនបី ត្រូវបានគេរំពឹងថា នឹងប្រកាសជំហានឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយនៅថ្ងៃពុធនេះ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបអស់រយៈពេលជាង ៧ខែហើយនោះ។
ប្រព័ន្ធផ្សព្វផ្សាយអៀរឡង់ បានរាយការណ៍ថា រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងប្រកាសការទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន នៅក្នុងសន្និសីទសារព័ត៌មានដោយលោកនាយករដ្ឋមន្ត្រី Simon Harris លោកឧបនាយករដ្ឋមន្ត្រី Micheal Martin និងលោករដ្ឋមន្ត្រី Eamon Ryan នៅម៉ោង ០៧:00 ម៉ោងសកល។
ប្រទេសន័រវែស ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសស្រដៀងគ្នានេះ នៅជុំវិញពេលវេលាដូចគ្នា។ នេះបើយោងតាមសារព័ត៌មានន័រវែសចំនួនពីរ។
ចំណែកនៅប្រទេសអេស្ប៉ាញ លោក នាយករដ្ឋមន្ត្រី Pedro Sanchez គ្រោងនឹងថ្លែងទៅកាន់សភាអំពីការកំណត់កាលបរិច្ឆេទទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
លោក Sanchez បាននិយាយកាលពីខែមីនាថា អេស្ប៉ាញ និងអៀរឡង់ រួមជាមួយនឹងស្លូវេនី និងម៉ាល់តា បានយល់ព្រមចាត់វិធានការដំបូងរបស់ពួកគេឆ្ពោះទៅរកការទទួលស្គាល់ប៉ាឡេស្ទីន ដោយមើលឃើញថាដំណោះស្រាយរដ្ឋពីរ មានសារៈសំខាន់សម្រាប់សន្តិភាពយូរអង្វែង។