
មន្ត្រីបាននិយាយថា កិច្ចប្រជុរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G7 នៅក្នុងប្រទេសអ៊ីតាលី នៅសប្តាហ៍នេះ នឹងព្យាយាមស្វែងរកមូលដ្ឋានរួមអំពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន និងរបៀបដោះស្រាយការកើនឡើងនៃការនាំចេញរបស់ប្រទេសចិន នៅក្នុងទីផ្សារសំខាន់ៗ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងក្រុមអ្នកជំនាញផ្នែកធនាគារមកពីក្រុមប្រជាធិបតេយ្យអ្នកមានទាំង៧ ដូចជា សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និងកាណាដា នឹងប្រមូលផ្តុំគ្នា នៅទីក្រុងស្ទ្រីសា ( Stresa) ភាគខាងជើងនៃប្រទេសអ៊ីតាលី នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។
ក្រុមអ្នកចរចានៃប្រទេស G7 បានពិភាក្សាជាច្រើនសប្តាហ៍អំពីរបៀបទាញយកទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់រុស្ស៊ីដែលមានតម្លៃ ៣០០ ពាន់លានដុល្លារល្អបំផុត ដូចជារូបិយប័ណ្ណសំខាន់ៗ និងមូលធនបត្ររដ្ឋាភិ បាលដែលត្រូវបានបង្កកភ្លាមៗ បន្ទាប់ពីទីក្រុងមូស្គូ បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
សហរដ្ឋអាមេរិកកំពុងជំរុញឲ្យស្វែងរកមធ្យោបាយ ដើម្បីនាំមកនូវប្រាក់ចំណូលនាពេលអនាគតពីទ្រព្យសម្បត្តិទាំងនោះ តាមរយៈការចេញមូលបត្របំណុល ឬទំនងជាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដែលខ្លួននិយាយថា អាចផ្តល់ឲ្យប្រទេសនេះនូវទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
មន្ត្រីជាច្រើន បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេសជាច្រើន ចាំបាច់ត្រូវមានការដោះស្រាយ ដោយមានន័យថា កិច្ចព្រមព្រៀងលម្អិត មិនត្រូវបានគេរំពឹងថា នឹងឈានដល់នៅក្នុងទីក្រុងស្ទ្រីសានោះទេ។