ភ្នំពេញ ៖ លទ្ធផលបេក្ខជនដែលប្រឡងជាប់ធ្វើជាគ្រូអនុវិទ្យាល័យចំនួន ៣៤៣រូប បានប្រកាសផ្សាយជាផ្លូវការនៅល្ងាចថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤នេះ។ ចំនួនបេក្ខជនដែលប្រឡងជាប់ទាំង ៣៤៣រូបនេះ គឺបានឆ្លងកាត់ការប្រឡងវិញ្ញាសាសំណេរចំនួន ២លើក ដោយមានបេក្ខជនចូលរួមសរុប ៣៣ ៣១៤នាក់។
ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ បម្រើការងារនៅក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ជាស្ថាពរ ដោយរកឃើញអ្នកជាប់ជាស្ថាពរចំនួន ៣៤៣រូប ក្នុងនោះមានស្ត្រីចំនួន ១៦៣នាក់។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: រួមទាំងវត្តមានតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងវត្តមានអ្នកសង្កេតការណ៍ មកពីបណ្ដាស្ថាប័នធ្វើជាសាក្សីដោយផ្ទាល់ផងដែរ។
ការជ្រើសរើសគ្រូអនុវិទ្យាល័យ រៀបចំការប្រឡងវិញ្ញាសាសំណេរចំនួនពីរលើកផ្សេងគ្នា។ បេក្ខជនដែលបានជាប់គឺ ជាបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងទាំងពីរលើក។
ការប្រឡងលើកទីមួយប្រព្រឹត្តិទៅកាលពីដើមខែ ឧសភា ដោយមានបេក្ខជនចូលរួមសរុប ៣៣ ៣១៤នាក់។ ការប្រឡងលើកទីមួយ ជាការប្រឡងដើម្បីសម្រាំងយកបេក្ខជន ត្រឹម ១ ៣៧៩នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការប្រឡងវិញ្ញាសាសំណេរលើកទីពីរ។
ការប្រឡងវិញ្ញាសាសំណេរលើកទីពីរ ជាការប្រឡងចុងក្រោយ ដែលរៀបចំឡើងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤ និងចាប់ផ្ដើមដំណើរការកំណែភ្លាមៗនៅថ្ងៃទី ១៩ ខែឧសភា។ ការប្រឡងវិញ្ញាសាសំណេរលើកចុងក្រោយនេះ គឺបេក្ខជនគ្រប់រូប ត្រូវប្រឡងពីរវិញ្ញាសា។ វិញ្ញាសាទី ១ គឺសំដៅលើមុខវិជ្ជាឯកទេសទី ១ រីឯវិញ្ញាសាទី ២គឺសំដៅលើមុខវិជ្ជាឯកទេសទី ២ ដែលស្របតាមឧបសម្ព័ន្ធកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។
ក្រោយប្រកាសលទ្ធផល បេក្ខជនដែលជាប់ទាំង ៣៤៣រូប ពុំទាន់ចេញទៅបង្រៀនភ្លាមនោះទេ។ ពួកគេត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលថែមដោយក្រសួងអប់រំ យុវជន និងកីឡា។ ការបណ្ដុះបណ្ដាលនាពេលខាងមុខនេះ គឺបែងចែកជា ៣ផ្សេងគ្នា។ ទី ១ គឺប្រព័ន្ធបណ្ដុះបណ្ដាល បរិញ្ញាបត្រ + ១ ដែលតម្រូវឱ្យសិក្សាបន្ថែមរយៈពេល ១ឆ្នាំ។
ទី២គឺប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ៤ ដែលតម្រូវឱ្យបេក្ខជនសិក្សារយៈពេល ៤ឆ្នាំ។ សម្រាប់ក្រុមទី ៣គឺស្ថិតនៅក្នុងប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ដែលតម្រូវឱ្យមានការសិក្សាបន្ថែមរយៈពេល ២ឆ្នាំ។
អត្ថបទ៖ គឹមហុក









