
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញឲ្យដឹងថា យានដ្រូនអង់គ្លេសដែលបរិច្ចាគទៅឲ្យអ៊ុយក្រែន បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់រុស្សីដែលមានតម្លៃ ១ពាន់លានផោន។
លោក Grant Shapps បានប្រាប់គណៈប្រតិភូនៃរដ្ឋមន្ត្រីអ៊ុយក្រែនថា ចាប់តាំងពីការលុកលុយរបស់ លោក វ្ល៉ាឌីមៀ ពូទីន មកលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ចក្រភពអង់គ្លេស បានផ្តល់យានដ្រូន ជាង ៤.០០០ គ្រឿង ដល់ប្រទេសនេះ។
ថ្លែងនៅឯវេទិកាការពារយានដ្រូនរបស់អ៊ុយក្រែននៅទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ លោក Shapps បាននិយាយថា៖«ដៃគូអ៊ុយក្រែនរបស់យើង ប៉ាន់ស្មានថា យានដ្រូនរបស់ចក្រភពអង់គ្លេស បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ីដែលមានតម្លៃជាង ១ពាន់លានផោន»។
យានដ្រូនដែលផ្តល់ឲ្យអ៊ុយក្រែនដែលមានច្រើនជាង ៣០ប្រភេទផ្សេងគ្នា បានធ្វើឲ្យចក្រភពអង់គ្លេសចំណាយប្រាក់រហូតដល់ ៥០០លានផោន។ នៅឆ្នាំក្រោយនេះ ចក្រភពអង់គ្លេស នឹងចំណាយប្រាក់បន្ថែម ៣២៥លានផោនលើយានដ្រូនសម្រាប់អ៊ុយក្រែន។
លោក Shapps បានបន្ថែមថា៖«កិច្ចសហប្រតិបត្តិការរបស់យើង មានផលប៉ះពាល់ខ្លាំងលើសមរភូមិ»។
ការអះអាងនេះ កើតឡើង បន្ទាប់ពីក្រសួងការពារជាតិ បានបង្ហាញថា ខ្លួនបានបង្កើតអាវុធរលកវិទ្យុ ដែលអាចបំផ្លាញហ្វូងដ្រូនបានទាំងស្រុងដោយគ្រាន់តែបាញ់មួយលើកនោះ។