
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កន្លែងពិសិដ្ឋ ក្នុងទីក្រុងហ៊្សេរុយសាឡឹម គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក រដ្ឋមន្ត្រីសន្តិសុខជាតិរបស់ពួកស្តាំនិយម លោក Itamar Ben Gvir ប្រកាសពី Temple Mount (វិហារភ្នំ) ថា ការពង្រីកការទទួលស្គាល់ការទូត ចំពោះរដ្ឋប៉ាឡេស្ទីន គឺស្មើនឹងការផ្តល់រង្វាន់ដល់ក្រុមហាម៉ាស។
ដោយត្រូវបានព័ទ្ធជុំវិញដោយកម្លាំងនគរបាល លោក Ben Gvir បាននិយាយនៅក្នុងសារជាវីដេអូថា ក្នុងការចំណាត់ការរបស់ពួកគេ ដើម្បីទទួលស្គាល់ប៉ាឡេស្ទីន ប្រទេសន័រវ៉ែស អេស្ប៉ាញ និងអៀរឡង់ «កំពុងផ្តល់រង្វាន់ដល់អង្គភាព Nukhba ដែលជាឃាតករ និងពួកអ្នកបំពាន»។
គួរបញ្ជាក់ថា សមាជិកនៃកងកម្លាំងអង្គភាព Nukhba ដែលជាវរជនរបស់ក្រុមហាម៉ាស បានដឹកនាំការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាទៅលើភាគខាងត្បូងអ៊ីស្រាអែល ជាពេលដែលមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ និង ២៥២នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។
ដោយនិយាយសំដៅដល់រូបភាពវីដេអូនៃចំណាប់ថ្នូរស្ត្រីជាច្រើនរូប ដែលគ្រោងនឹងចេញផ្សាយនៅល្ងាចនេះ លោក Ben Gvir និយាយថា៖ «យប់នេះយើងនឹងទទួលបានភស្តុតាងបន្ថែមទៀតអំពីមូលហេតុ ដែលក្រុមហាម៉ាស ត្រូវតែកម្ចាត់ឲ្យបានជាដាច់ខាត»។
ដោយអំពាវនាវឲ្យកាត់ផ្ដាច់ការបញ្ជូនប្រេងទៅតំបន់ហ្កាហ្សា និងកម្រិតជំនួយមនុស្សធម៌នោះ លោកបានបន្ថែមថា៖ «ដើម្បីកម្ចាត់ក្រុមហាម៉ាស យើងត្រូវចូលទៅក្នុងទីក្រុង Rafah រហូតដល់ទីបញ្ចប់ ដើម្បីជីកកកាយបំផ្លាញរូងក្រោមដី»៕