
កម្លាំងខ្យល់បោកបក់ខ្លាំង ការធ្លាក់ព្រិល និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ បានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទូទាំងប្រទេសស៊ែប៊ី កាលពីថ្ងៃអង្គារ (ទី២១ ខែឧសភា) ដោយនារីម្នាក់ បានស្លាប់ នៅពេលដែលដើមឈើមួយដើមបានដួលរលំទៅលើរថយន្តរបស់នាង។
ទឹកជំនន់យ៉ាងគំហុកភ្លាមៗ បានជន់លិចតំបន់ជាច្រើន ក្នុងទីក្រុង Novi Pazar ភាគនិរតីនៃប្រទេសស៊ែប៊ី ជាកន្លែងដែលអាជ្ញាធរបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
ជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ គួបផ្សំជាមួយនឹងការធ្លាក់ព្រិល និងទឹកជំនន់ដ៏គំហុកភ្លាមៗ ក៏ត្រូវបានរាយការណ៍ផងដែរ នៅក្នុងតំបន់មួយចំនួនផ្សេងទៀត ក្នុងនោះរួមទាំងរដ្ឋធានី Belgrade ដែលផ្នែកមួយនៃកន្លែងចតរថយន្តបានបាក់ស្រុតក្លាយជារណ្ដៅ។
ក្រៅពីប្រទេសស៊ែប៊ី ព្យុះក៏វាយប្រហារប្រទេសបូស្នី និងក្រូអាតផងដែរ។ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ដុំព្រិលដែលមានទំហំស្មើនឹងគ្រាប់វ៉ាល់ណាត់ ក៏បានបំផ្លាញទ្រព្យសម្បត្តិ និងដំណាំ នៅក្នុងទីក្រុង Hani i Elez ឬ Elez Han របស់កូសូវ៉ូផងដែរ៕