បាល់ទាត់៖ ក្លិបអេស្ប៉ាញ FC Barcelona បានឱ្យដឹងថា Lionel Messi នឹងមិនអាចនៅបន្តជាមួយក្លិបបានឡើយដោយសារតែច្បាប់ហិរញ្ញវត្ថុរបស់ La Liga។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានអស់សុពលភាពកិច្ចសន្យាជាមួយ Barcelona តាំងពីថ្ងៃទី១ ខែកក្កដា។

អំឡុងពេលបំពេញបេសកកម្មជួយក្រុមអាហ្សង់ទីនលើកពាន Copa America នៅទឹកដីអាហ្សង់ទីននោះ Lionel Messi ក៏បានយល់ព្រមកិច្ចព្រមព្រៀងបន្តកិច្ចសន្យាជាមួយ Barcelona ផងដែរកាលពី ២សប្តាហ៍មុន និងយល់ព្រមកាត់ប្រាក់ខែពាក់កណ្តាល។ ភាគីទាំងពីរ Barcelona និង Messi បានសំដែងការសោកស្តែងចំពោះបរាជ័យនៃការកិច្ចសន្យាថ្មីនេះ។ កិច្ចសន្យាថ្មីនេះ Messi យល់ព្រមនៅជាមួយ Barcelona ដល់ឆ្នាំ២០២៦ តែតាមគោលការណ៍របស់ La Liga គឺតម្រូវឱ្យ Barcelona កាត់បន្ថយប្រាក់ចំណាយលើប្រាក់ខែសរុបជាមុនសិន មុននឹងអាចចុះហត្ថលេខាជាមួយកីឡាកររូបណាមួយបានបន្ថែមទៀត។ Lionel Messi គឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Barcelona ដោយរកបានសរុប ៦៧២គ្រាប់ ឈ្នះពាន La Liga ១០លើក UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជាឈ្នះពានឯកត្តជន Ballon d’Or ៦លើកច្រើនជាងគេ។
រក្សាទុក Messi នៅ Barcelona គឺជាគោលដៅរបស់ប្រធានក្លិបថ្មីលោក Joan Laporta ដែលជាប់ឆ្នោត។ កន្លងមក Messi ក៏ធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ Paris Saint Germain និង Manchester City ផងដែរ ស្របពេលការផ្លាស់ទៅកាន់ទឹកដីអាមេរិក Major League Soccer ក៏ជាជំរើសផងដែរ។ យើងមិនទាន់ដឹងថា Messi ពិតជាប្រាកដជាចាកចេញពី Barcelona រឺក៏អត់នៅឡើយ យើងចាំមើលដំណោះស្រាយបន្តទៀតរបស់ភាគីទាំងពីរ Messi និង Barcelona ជាមួយនឹង La Liga៕
អត្ថបទ៖នាង សុភាវុធ