សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែងចំពោះក្មេងទំនើង ដើម្បីធ្វើយ៉ាងណាធានាដល់សន្តិសុខសង្គម។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ គឺមានក្មេងទំនើងច្រើនណាស់ ដោយបានកាន់ដាវស៊ាំម៉ារ៉ៃ តាមផ្លូវដោយអនាធិបតេយ្យផងដែរ ដូច្នេះចាប់ពីពេលនេះ តទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ស្ថាប័នតុលាការត្រូវអនុវត្តច្បាប់ចំពោះក្មេងទំនើងនេះ ឲ្យបានត្រឹមត្រូវ និងម៉ងចត់ផងដែរ ដើម្បីពង្រឹងនូវគុណភាពនៃការអនុវត្តច្បាប់កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអណាព្យាបាលទាំងអស់ គប្បីចូលរួមសហការជាមួយអាជ្ញាធរ និងត្រូវចូលរួមពង្រឹងតាមដាននិងអប់រំ កូនៗរបស់ខ្លួនឲ្យបានល្អ ដោយធ្វើយ៉ាងណាកុំបណ្តោយឲ្យពួកគេដើរលេងអនាធិបតេយ្យ និងបង្កើតបង តូចបងធំ ដែលជាការធ្វើឲ្យអសន្តិសុខសង្គមនោះ៕អត្ថបទ៖ បាន ចក់




