សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិមានចេតនាបំភ្លៃការពិតច្រើនណាស់ ចំពោះរាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយរបស់ខ្លួន ជាពិសេសគឺករណីដែលបានចោទប្រកាន់អាជ្ញាធរថា មានការរើសអើងចំពោះការធ្វើបណ្ណក្រីក្រ ជូនប្រជាពលរដ្ឋតែម្តង។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ការដែលអាជ្ញាធរចាប់ខ្លួនលោក ស៊ុន ចន្ធី គឺដោយសារបុគ្គលរូបនេះ និយាយមូលបង្កាច់ដល់រាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារមកហើយ ខណៈ ការនិយាយនេះ គឺដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន។
លោក ស៊ុន ចន្ទី ដែលជាប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយចាប់ខ្លួនតុលាការរាជធានីភ្នំពេញបានបញ្ជូនលោកទៅឃុំខ្លួន នៅនៅមណ្ឌលអប់រំកែប្រែទី៤(ម៤) នៅក្នុងខេត្តពោធិ៍សាត់។
ជុំនៃការចាប់ខ្លួនលោក ស៊ុន ចន្ធីនេះ ត្រូវបានក្រសួងយុត្តិធម៌បញ្ជាក់បន្ថែមទៀតថា «ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។
ដូច្នេះការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេសគឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មិនមែជាការរឹតបន្តឹងក្នុងការបញ្ចេញមតិ និងគំនាបនយោបាយ ដូចការចោទប្រកាន់របស់អង្គការ និងប្រទេសមួយចំនួននោះឡើយ៕អត្ថបទបាន ចក់