ទីភ្នាក់ងារគាំពារកុមារ Unicef របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រព័ន្ធសុខភាពរបស់ប្រទេសហៃទី ជិតដួលរលំហើយ ដោយនិយាយថា មន្ទីរពេទ្យចំនួន ៦ ក្នុងចំណោម ១០ នៅក្នុងប្រទេសនេះ គឺស្ទើរតែមិនដំណើរការទៅហើយ។

លោក ព្រូណូ ម៉េស ( Bruno Maes) តំណាងអង្គការ Unicef ប្រចាំប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ បាននិយាយថា ការជំរុញបន្ថែមនៃអំពើហឹង្សា ការផ្លាស់ទីលំនៅដ៏ច្រើន ការរាតត្បាតជំងឺដ៏គ្រោះថ្នាក់ និងការកើនឡើងនៃកង្វះអាហារូបត្ថម្ភ បានធ្វើឱ្យប្រព័ន្ធសុខភាពរបស់ប្រទេសហៃទីស្ទើរតែដួល ។
ក្រុមជនអន្ធពាលប្រដាប់អាវុធ នៅតែគ្រប់គ្រងភាគច្រើននៃរដ្ឋធានី ព័រ-អូ-ប្រាំង (Port-au-Prince) ហើយអង្គការ Unicef និយាយថា កុមាររាប់លាននាក់កំពុងប្រឈមនឹងជំងឺ និងកង្វះអាហារូបត្ថម្ភ។

ប្រទេសនេះ បានជួបប្រទះអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moïse)កាលពីឆ្នាំ ២០២១ ក្នុងអំឡុងពេល ដែលក្រុមជនអន្ធពាលបានគ្រប់គ្រងផ្ទៃដីដ៏ច្រើន របស់ប្រទេសនេះ។
អង្គការ Unicef បាននិយាយថា សរុបមក ប្រជាជនរហូតដល់ ៤លាន ៤សែន នាក់ នៅក្នុងប្រទេសនេះ កំពុងត្រូវការជំនួយជាបន្ទាន់ដូចជា ស្បៀងអាហារ ជាដើម ហើយមនុស្ស ១លាន៦សែននាក់ កំពុងប្រឈមកម្រិតអាសន្ននៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលបង្កើនហានិភ័យខ្ពស់ ពិសេសកង្វះអាហារូបត្ថម្ភសម្រាប់កុមារ ៕