នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានអំពាវនាវការបោះឆ្នោតជាតិនៅថ្ងៃទី ៤ ខែកក្កដា ដោយរៀបចំការបោះឆ្នោត ដែលគណបក្សអភិរក្សនិយមកំពុងកាន់អំណាចរបស់លោក ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងចាញ់ក្នុងការបោះឆ្នោត បន្ទាប់ពីកាន់តំណែងរយៈពេល១៤ឆ្នាំ។

លោក Sunak និយាយថា ប៉ុន្មានសប្តាហ៍ខាងមុខ លោកនឹងព្យាយាមស្វែងរកសន្លឹកឆ្នោត។ លោកនឹងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្នា ហើយលោកនឹងបង្ហាញឱ្យអ្នកទាំងអស់គ្នាដឹងថា មានតែរដ្ឋាភិបាលអភិរក្សនិយមដឹកនាំដោយលោកផ្ទាល់ប៉ុណ្ណោះ នឹងមិនធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ចដែលរកបានមកយ៉ាងលំបាក ប្រឈមទៅនឹងហានិភ័យនោះទេ។ ការអំពាវនាវការបោះឆ្នោត ជាយុទ្ធសាស្ត្រប្រឈមហានិភ័យ ជាមួយគណបក្សការងារ ជាគណបក្សប្រឆាំង ដែលមានប្រហែល២០ភាគរយ នៅក្នុងការស្ទង់មតិ។ គណបក្សទាំងពីរ បានចាប់ផ្ដើមយុទ្ធនាការទាំងអស់គ្នា ដោយផ្តោតខ្លាំងលើបញ្ហាសេដ្ឋកិច្ច និងការពារជាតិ ដែលបានអះអាងយ៉ាងរឹងមាំរៀងៗខ្លួន។
មេដឹកនាំគណបក្សការងារ លោក ឃឺ ស្តាមឺ(Keir Starmer) បាននិយាយថា ការបោះឆ្នោតនឹងក្លាយជាឱកាសមួយដើម្បីបញ្ចប់ភាពវឹកវររបស់រដ្ឋាភិបាលអភិរក្សនិយមរបស់លោក Sunak។ ឱកាសសម្រាប់ការផ្លាស់ប្តូរ គឺជាអ្វីដែលការបោះឆ្នោតនេះ នឹងមាន។ លោក Sunak បានព្យាយាមជាច្រើនដងដើម្បីបង្វែរជោគវាសនារបស់គណបក្សលោក ដោយចាត់ទុកខ្លួនលោកថាជាអ្នកកំណែទម្រង់ដ៏មោះមុត ជាអ្នកបច្ចេកទេសដ៏មានប្រសិទ្ធភាព និងជាអ្នកដែលប្រកាន់ខ្ជាប់នូវផែនការ។
អ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត នឹងត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលមើលទៅនៅជាប់គាំងនៅក្នុងដំណើរការនៃកំណើនយឺត។ កម្រិតនៃបំណុលខ្ពស់ អាចកំណត់សមត្ថភាពរបស់រដ្ឋាភិបាលបន្ទាប់ ក្នុងការជំរុញឱ្យមានការស្តារឡើងវិញ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានចាប់ផ្តើមយុទ្ធនាការរបស់លោកនៅមជ្ឈមណ្ឌលតាំងពិពណ៌មួយនៅភាគខាងកើតទីក្រុងឡុងដ្រ៍ កាលពីថ្ងៃពុធ បន្ទាប់ពីបានអំពាវការបោះឆ្នោតសកលនារដូវក្តៅដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃទី ៤ ខែកក្កដា។
លោកបាននិយាយទៅកាន់អ្នកគាំទ្រ និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក លោក Sundak បានចង្អុលទៅរកសញ្ញានៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងចក្រភពអង់គ្លេស ហើយលោក បានសាទរចំពោះការធ្លាក់ចុះអតិផរណា និងសេដ្ឋកិច្ចដែលរីកចម្រើន ក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ជាភស្តុតាងនៃកេរ្តិ៍ឈ្មោះរបស់គណបក្សលោក។