សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រធានាធិបតីថ្មីអ៊ីរ៉ង់ ឲ្យវិលទៅរកការចរចាស្ដីពីការស្រោចស្រង់កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានព្រមានថា ទ្វារការទូតមិនមែនចេះតែបើកចំហរហូតទេ។

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងចាប់តាំងពីឆ្នាំ២០១៨ នៅពេលអតីតប្រធានាធិបតី Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងបានដាក់ទណ្ឌកម្មឡើងវិញ។ លោក Ebrahim Raisi បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា លោកនឹងគាំទ្រ “ផែនការការទូតណាមួយ” ដើម្បីបញ្ចប់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ លោកថា ទណ្ឌកម្មខុសច្បាប់ទាំងអស់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ត្រូវតែត្រូវបានដកចេញ។ បណ្ដាប្រទេសលោកខាងលិចចោទអ៊ីរ៉ង់ថា បានព្យាយាមផលិតអាវុធនុយក្លេអ៊ែរ ជាការចោទប្រកាន់មួយដែលក្រុងតេអេរ៉ង់បដិសេធ។ កិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួន ៦ផ្សេងទៀតដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់បានមើលឃើញថា វាបញ្ឈប់ការងារនុយក្លេអ៊ែរខ្លះ ជាថ្នូរនឹងការបញ្ចប់ទណ្ឌកម្មដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។
ប៉ុន្តែអ៊ីរ៉ង់បានចាប់ផ្ដើមឡើងវិញនូវការងារនុយក្លេអ៊ែរដែលត្រូវបានហាមឃាត់ បន្ទាប់ពីលោក Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ នៅក្នុងសេចក្ដីអធិប្បាយបន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់លោក Raisi អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា “យើងជំរុញឱ្យអ៊ីរ៉ង់វិលត្រឡប់មករកការចរចាវិញឆាប់ៗ ដើម្បីយើងអាចស្វែងរកការបញ្ចប់ការងាររបស់យើង”៕
អត្ថបទ៖ សុខមាន