អេហ្ស៊ីប កាលពីថ្ងៃពុធ (២២ ឧសភា) បានគំរាមថានឹងដកខ្លួនចេញក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងការចរចាបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សា បន្ទាប់ពីទូរទស្សន៍ CNN បានរាយការណ៍ថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់នាពេលថ្មីៗនេះ ដើម្បីឱ្យបានកិច្ចព្រមព្រៀងឈប់បាញ់មួយឆាប់រហ័ស។

លោក ឌីអា រ៉ាសវ៉ាន់ (Diaa Rashwan) ប្រមុខនៃសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយលើបណ្តាញសង្គមថា «ការប៉ុនប៉ងដេញដោល និងមន្ទិលសង្ស័យ នឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អេហ្ស៊ីប ហើយនាំទៅរកភាពស្មុគស្មាញបន្ថែមទៀតនៃស្ថានការណ៍នៅតំបន់ហ្កាហ្សា និងអាចជំរុញឱ្យអេហ្ស៊ីប ដកខ្លួនចេញពីការសម្រុះសម្រួលទាំងស្រុងក្នុងជម្លោះបច្ចុប្បន្ន»។
ដោយដកស្រង់សម្តីប្រភពចំនួនបីដែលដឹងពីការពិភាក្សា ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ បាននិយាយថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ដែលអ៊ីស្រាអែល បានយល់ព្រមកាលពីដើមខែឧសភា។ របាយការណ៍នោះបន្ថែមថា ការផ្លាស់ប្តូរនេះបានបង្កឱ្យមានកំហឹង និងការរើសអើងក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា ហើយបណ្តាលឱ្យមានការជាប់គាំងក្នុងកិច្ចចរចា។

ភាពតានតឹងបានកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ជុំវិញប្រតិបត្តិការយោធាអ៊ីស្រាអែលនៅក្រុងរ៉ាហ្វា ជាប់ព្រំដែនអេហ្ស៊ីប។ ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា មក អេហ្ស៊ីបបានសម្តែងការព្រួយបារម្ភថា យុទ្ធនាការរបស់អ៊ីស្រាអែលអាចរុញច្រានអ្នកស្រុកនៃតំបន់ប៉ាឡេស្ទីន ឱ្យភៀសខ្លួនឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីខ្លួន៕
