ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់ បានចូលរួមពិធីបុណ្យសពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នៅទីក្រុងតេអេរ៉ង់ ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំដែលគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់កាលពីថ្ងៃអាទិត្យ។

លោក រ៉េស៊ី និងមនុស្ស ៧ នាក់ផ្សេងទៀតរួមទាំងរដ្ឋមន្ត្រីការបរទេស លោក ហូសេន អាមឺ អាបឌូលឡាហៀន (Hossein Amir-Abdollahian) ដែលត្រូវបានសាទរដោយក្រុមហាម៉ាស ថាជារដ្ឋមន្ត្រីសម្រាប់ការតស៊ូ បានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។
មឈូសរបស់អ្នកស្លាប់ ត្រូវបានតម្កល់នៅមុខហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យសព ខណៈដែលមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) បានដឹកនាំការអធិស្ឋាននៅសាកលវិទ្យាល័យ តេអេរ៉ង់ ដោយបានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ ចងចាំអ្នកបម្រើជាតិដ៏ស្មោះស័្មគ្ររូបនេះ។

ក្រុមមន្ត្រីជាន់ខ្ពស់មកពីប្រទេសយ៉ាងតិច ៦៨ បានចូលរួមពិធីក្នុងទីក្រុងតេអេរ៉ង់នេះ កាលពីថ្ងៃពុធ (២២ ឧសភា) ដើម្បីគោរពសព។ សម្រែកនៃឃ្លា «ការស្លាប់ចំពោះអ៊ីស្រាអែល» ត្រូវបានលាន់ឮពីហ្វូងមនុស្សដែលគាំទ្រដោយភក្ដីភាព ខណៈដែលមឈូសដែលរុំទង់ជាតិអ៊ីរ៉ង់ ត្រូវបានគេដង្ហែរឆ្លងកាត់រដ្ឋធានី ដែលជាផ្នែកនៃការកាន់ទុក្ខជាតិរយៈពេលប្រាំថ្ងៃ។

សពរបស់លោក រ៉េស៊ី នឹងត្រូវបានបញ្ជូនតាមអាកាសទៅកាន់ទីក្រុង ម៉ាសហាដ (Mashhad) ភាគឦសាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយយកទៅបញ្ជុះនៅក្នុងទីសក្ការបូជា អ៊ីម៉ាម រ៉េហ៊្សា (Imam Reza) ជាទីដែលលោកធ្លាប់បម្រើការជាអ្នកមើលថែពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩៕