ទូរទស្សន៍អ៊ីស្រាអែលបានចាក់ផ្សាយវីដេអូដ៏រជួលចិត្តមួយកាលពីថ្ងៃពុធ ២២ ឧសភា នៃទាហានជានារី ចំនួន ៥ នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាស ក្នុងអំឡុងពេលការវាយឆ្មក់ឆ្លងព្រំដែន កាលពីថ្ងៃទី ៧ តុលា ឆ្នាំមុន ដែលបង្កឱ្យផ្ទុះសង្រ្គាមនៅដែនដីហ្កាហ្សារហូតដល់សព្វថ្ងៃ។
ក្រុមគ្រួសារអ្នកជាប់ឃុំក្នុងដៃហាម៉ាស សង្ឃឹមថា វីដេអូនេះ នឹងបង្កើនសម្ពាធលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយក្រុមនេះ និងធានាឲ្យបានការដោះលែងចំណាប់ខ្មាំង។

រដ្ឋាភិបាលបានមើលឃើញថាការចេញផ្សាយឃ្លីបខ្លី ដែលមានរយៈពេលបីនាទី ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជាឱកាសមួយដើម្បីដាក់សម្ពាធកាន់តែខ្លាំងមកលើខ្លួន។

វីដេអូនេះ បង្ហាញពីនារីវ័យក្មេងទាំងអស់កំពុងភ័យខ្លាច និងខ្លះប្រឡាក់ឈាម ដោយត្រូវបានគេចងដៃផ្អោបទៅក្រោយនិងរុញចូលរថយន្តហ្ស៊ីប។
ចំណាប់ខ្មាំងដែលឃើញក្នុងវីដេអូ ត្រូវគ្នានឹងរូបថតចែករំលែកដោយទីស្នាក់ការវេទីការគ្រួសារចំណាប់ថ្នូរ (The Hostages Families Forum Headquarters) និងត្រូវបានកំណត់អត្តសញ្ញាណដោយឡែកដោយក្រុមគ្រួសារ។ កាលបរិច្ឆេទ និងទីតាំងនៃវីដេអូនេះ ត្រូវបានបញ្ជាក់ទៅកាន់សារព័ត៌មាន Reuters ដោយសមាជិកគ្រួសាររបស់ចំណាប់ខ្មាំងម្នាក់។

វេទិកាគ្រួសារចំណាប់ខ្មាំង ដែលតំណាងឱ្យសាច់ញាតិរបស់មនុស្សចំនួន ១២៤ នាក់ ភាគច្រើនជាជនស៊ីវិល នៅតែជាប់ក្នុងកណ្ដាប់ដៃក្រុមហាម៉ាស បាននិយាយថា រូបភាពវីដេអូនេះត្រូវបានរកឃើញពីកាមេរ៉ាបំពាក់លើខ្លួនក្រុមខ្មាន់កាំភ្លើង ដែលបានវាយប្រហារមូលដ្ឋានទ័ព ណាហាល់ អូស (Nahal Oz) នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ជាទីដែលស្ត្រីទាំងនោះបម្រើការជាអ្នកគ្រប់គ្រងកាមេរ៉ាតាមដានសកម្មភាពនៅមូលដ្ឋានទ័ពនោះ៕