អស់ជាច្រើនទសវត្សរ៍មកហើយ ដែលអឺរ៉ុបខាងលិច បាននិយាយយ៉ាងទូលំទូលាយជាមួយនឹងសំឡេងតែមួយលើប្រធានបទនៃភាពជារដ្ឋរបស់ប៉ាឡេស្ទីន។ ប៉ុន្តែឥឡូវនេះ ការខ្វែងគំនិតគ្នាកំពុងលេចឡើងកាន់តែធំនៅក្នុងការយល់ស្របជុំវិញការទទួលស្គាល់នោះ។

ប្រទេសអៀរឡង់ អេស្ប៉ាញ និងន័រវែស កាលពីថ្ងៃពុធ (២២ ឧសភា) បានប្រកាសពីចេតនារបស់ពួកគេក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ដែលចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ កន្លងមក មានតែ ៧ ប្រទេសក្នុងចំណោមសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប៉ុណ្ណោះដែលបានប្រកាសបែបនេះ។

ប្រទេសន័រវេស មិនមែនជាសមាជិកនៃប្លុកនេះទេ ប៉ុន្តែសេចក្តីប្រកាសរបស់អេស្ប៉ាញ និងអៀរឡង់ នឹងធ្វើឱ្យចំនួនប្រទេសសហភាពអឺរ៉ុប ដែលទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ឡើងដល់មួយភាគបីនៃសមាជិកភាពរបស់ខ្លួន។
ក្រុមអ្នកវិភាគនិយាយថា សេចក្តីប្រកាសកាលពីថ្ងៃពុធ នេះជាចម្បងបង្ហាញពីការខ្វែងគំនិតគ្នាជាមូលដ្ឋានក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច ជុំវិញថាតើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឥឡូវនេះ នឹងជាការជំរុញ ឬរារាំងការបង្កើតរដ្ឋពិតប្រាកដនាពេលអនាគត។

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) គាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន រួមគ្នាជាមួយអ៊ីស្រាអែល ប៉ុន្តែនិយាយថា ការទទួលស្គាល់គួរតែជាលទ្ធផលនៃការចរចានយោបាយប៉ុណ្ណោះ មិនមែនការទទួលស្គាល់ជាឯកតោភាគីនោះទេ ដែលនេះជាទស្សនៈគាំទ្រដោយដៃគូអឺរ៉ុបសំខាន់ៗ រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់៕