មន្ត្រីជាន់ខ្ពស់មួយរូបមកពីអង្គភាពកងទ័ពជើងទឹកហ្វីលីពីន កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានចោទប្រកាន់ស្ថានទូតចិនប្រចាំក្នុងទីក្រុងម៉ានីល ថាបានថតសំឡេងទូរស័ព្ទដោយគ្មានការអនុញ្ញាតពីលោក ហើយបានបដិសេធថា ថាខ្លួនពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូងនោះឡើយ។

ឧត្តមនាវីឯក លោក អាល់ប៊ើតូ កាឡូស (Alberto Carlos) បានប្រាប់សវនាការព្រឹទ្ធសភាថា លោកបានទទួលការហៅទូរស័ព្ទពីយោធារបស់ប្រទេសចិន ប្រចាំនៅទីក្រុងម៉ានីល កាលពីខែមករា នៅពេលលោកនៅតែជាមេបញ្ជាការប៉ុស្តិ៍យោធា គ្រប់គ្រងស្ថានការណ៍លើសមុទ្រចិនខាងត្បូង ប៉ុន្តែលោកបាននិយាយថា លោកពុំយល់ព្រមលើសម្បទានជាមួយប្រទេសចិននោះទេ។

សម្រង់អត្ថបទនៃការសន្ទនាតាមទូរស័ព្ទនេះ ត្រូវបានផ្សព្វផ្សាយដោយកាសែតក្នុងស្រុក The Manila Times កាលពីថ្ងៃទី៨ ខែឧសភា ក្នុងសំឡេងនៃការសុន្ទនានោះបាននិយាយថា លោក កាឡូស បានយល់ព្រមចំពោះសំណើរបស់ប្រទេសចិនអំពីគំរូថ្មីមួយ។
នៅក្នុងគំរូ ដែលបានស្នើឡើងនោះ ប្រទេសហ្វីលីពីន នឹងប្រើប្រាស់នាវាតិចជាងមុនក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញដល់កងទ័ពនៅឯតំបន់ដែនទឹកមានជម្លោះ សេខិន ថូម៉ាស ស៊ូល (Second Thomas Shoal) ហើយត្រូវជូនដំណឹងជាមុនដល់ទីក្រុងប៉េកាំងអំពីបេសកកម្មរបស់ខ្លួន។
លោក កាឡូស បានប្រាប់សវនាការព្រឹទ្ធសភា ដោយសំដៅដល់សាធារណរដ្ឋប្រជាមានិតចិនថា ខ្ញុំថ្កោលទោសចំពោះទង្វើរបស់ស្ថានទូតចិនក្នុងលួចថតសំឡេងនៃការសន្ទនាដោយគ្មានការអនុញ្ញាតពីខ្ញុំ៕
