បាល់ទាត់៖ ក្រុមការពារជើងឯក English Premier League, Manchester City បានចុះហត្ថលេខានាំយកខ្សែបម្រើអង់គ្លេស Jack Grealish ពី Aston Villa ក្នុងតម្លៃ ១០០លានផោន។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៦ឆ្នាំនៅទឹកដី Etihad និងទទួលបានអាវលេខរបស់ Sergio Aguero ដែលចាកចេញទៅកាន់ FC Barcelona។

ការផ្លាស់នេះនឹងធ្វើឱ្យ Jack Grealish ក្លាយជាកីឡាករដែលមានតំលៃផ្ទេរខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសបំបែកកំណត់ត្រារបស់ Paul Pogba ដែលផ្ទេរពី Juventus មកកាន់ Manchester United តំលៃ ៨៩លានផោនកាលពីឆ្នាំ២០១៦។ តំលៃផ្ទេរនេះដែរក៏ធ្វើឱ្យ Grealish ជាកីឡាករដែលមានតំលៃផ្ទេរខ្ពស់បំផុតទី៩ នៅលើលោកផងដែរ។ Grealish អាចនឹងបង្ហាញខ្លួនដំបូងតែម្តងឱ្យ Manchester City ពេលជួប Leicester City ប្រកួតពាន FA Community Shield ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
កីឡាករដែលជាអ្នកគាំទ្ររបស់ Aston Villa តាំងតែពីតូច Jack Grealish បានចូលហ្វឹកហាត់ជាមួយ Aston Villa តាំងពីវ័យ ៦ឆ្នាំ និងបានឡើងមកកាន់ក្រុមធំនៅឆ្នាំ២០១៣ បង្ហាញខ្លួនសរុបមកដល់ពេលនេះបាន ២១៣លើកស៊ុតបញ្ចូលទីបាន ៣២គ្រាប់៕
អត្ថបទ៖នាង សុភាវុធ