អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ពាក្យបណ្តឹងដែលបានប្តឹងពាក់ព័ន្ធនឹងករណីជេរប្រមាថអំឡុងឃោសនារកសំឡេងឆ្នោត មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះទេ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ពាក់ព័ន្ធនឹងដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ បានដំណើរទៅរយៈពេល៧ថ្ងៃហើយ ដោយដំណើរការឃោសនារបស់គណបក្សនយោបាយទាំង៥ បានធ្វើសកម្មភាពទៅតាមលទ្ធភាពរៀងៗខ្លួន ដូចជា ការជួបជុំមីន្ទីញតាមទីស្នាក់ការរបស់ខ្លួន, ការប្រើប្រាស់ឃោសនស័ព្ទផ្សព្វផ្សាយពីគោលនយោបាយ, ការចែកខិតប័ណ្ណ និងការដង្ហែក្បួនឃោសនាជាដើម។ ឯកឧត្តម បន្តថា ដំណើរការឃោសនានេះ មានគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តចំនួនពីរទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនឹងការជេរប្រមាថ ដែលប្តឹងពីបេក្ខជនទៅកាន់សកម្មជននយោបាយមកពីគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។
ជាមួយបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប អះអាងថា ស្របពេលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តទាំងពីរកំពុងដោះស្រាយបណ្តឹងនោះ មិនមានការប៉ះពាល់ដល់ដំណើរការឃោសនានោះទេ ដោយសារបញ្ហាខាងលើនេះមិនប៉ះពាល់លើដំណើរការការងារបច្ចេកទេសរបស់ គ.ជ.ប និងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតទាំងមូលឡើយ។
យ៉ាងណាមិញ ជុំវិញបណ្តឹងរបស់គណបក្សនយោបាយ អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់ ដើម្បីបន្តដោះស្រាយ ក្នុងករណីភាគីទាំងសងខាងមិនអាចទទួលយកលទ្ធផលនៃការដោះស្រាយរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងខេត្តព្រះវិហារ។
ទន្ទឹមនឹងបរិយាកាសនេះ អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់គណបក្សនយោបាយបន្តភាពចាស់ទុំ អនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបទបញ្ជា និងនីតិវិធី ជាពិសេសក្រមសីលធម៌មានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភានេះ ក្នុងនោះមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែងសរុបនៅទូទាំងប្រទេសចំនួន ១១,៦២២នាក់។ ខណៈការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៥ចូលរួមគឺ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ ,គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕ អត្ថបទ សេក ឧត្តម
