ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធ (២២ ឧសភា) បានរាយការណ៍ករណីដំបូងរបស់ខ្លួននៃជំងឺផ្តាសាយបក្សី H5N1 លើកុមារម្នាក់ ដែលអាជ្ញាធរនិយាយថា បានឆ្លងមេរោគនេះនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានជាសះស្បើយពេញលេញរួចហើយ។

ជំងឺគ្រុនផ្តាសាយបក្សី H5N1 បានសាយភាយពេញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានសម្លាប់សត្វស្លាបព្រៃ និងសត្វបក្សីរាប់ពាន់លានក្បាល ហើយរីករាលដាលដល់ថនិកសត្វរាប់សិបប្រភេទ។ អាជ្ញាធរសុខាភិបាលនៅរដ្ឋ វីកតូរៀ (Victoria) ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី បាននិយាយថា ការតាមដានទំនាក់ទំនងមិនបានកំណត់អត្តសញ្ញាណករណីឆ្លងថ្មីបន្ថែមទៀតទេ ហើយមានឱកាសទាបបំផុតនៃការឆ្លងផ្សេងទៀត ដោយសារជំងឺផ្តាសាយប្រភេទនេះមិនងាយឆ្លងរវាងមនុស្សទៅមនុស្សឡើយ។

លោកស្រីវេជ្ជបណ្ឌិត ឃ្លែរ លុកឃើ (Claire Looker) ប្រធានមន្ត្រីសុខាភិបាលរបស់រដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាករណីដំបូងដែលត្រូវបានបញ្ជាក់របស់មនុស្សនៃជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងប្រទេសអូស្ត្រាលី។ កុមារនោះបានឆ្លងមេរោគធ្ងន់ធ្ងរ ប៉ុន្តែលែងមានបញ្ហាសុខភាពទៀតហើយ ហើយក៏បានជាសះស្បើយពេញលេញដែរ»។
លោកស្រី លុកឃើ បាននិយាយថា ករណីនៅក្នុងរដ្ឋ វីកតូរៀ នេះ ពាក់ព័ន្ធនឹងវីរុស H5N1 ប៉ុន្តែជំងឺនេះគឺមិនដូចគ្នាទៅនឹងករណីនៃការផ្ទុះឡើងលើសត្វនៅក្នុងសហរដ្ឋអាមេរិកនោះទេ។

អូស្ត្រាលី គឺជាទ្វីបតែមួយគត់ ដែលសត្វពាហនៈ រហូតមកដល់ពេលនេះ គ្មានមេរោគផ្តាសាយបក្សី H5N1 ប៉ុន្តែអាជ្ញាធរកាលពីថ្ងៃពុធ បាននិយាយថា ជំងឺផ្តាសាយបក្សីប្រភេទផ្សេងគ្នា ត្រូវបានរកឃើញនៅកសិដ្ឋានស៊ុតមួយនៅជិតទីក្រុងមែលប៊ន (Melbourne)៕