យោធាកោះតៃវ៉ាន់ បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួន និងបាននិយាយថា កោះតៃវ៉ាន់ មានទំនុកចិត្តថា ខ្លួនអាចការពារកោះនេះបាន បន្ទាប់ពីប្រទេសចិនចាប់ផ្តើមសមយុទ្ធ «ដាក់ទណ្ឌកម្ម» រយៈពេលពីរថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ ជាអ្វីដែលខ្លួនបាននិយាយថា ជាការឆ្លើយតបទៅនឹង «សកម្មភាពផ្តាច់ខ្លួន»។

សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងនៅជុំវិញប្រជុំកោះគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន កើតមានឡើងរយៈពេលត្រឹមតែបីថ្ងៃបន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំងស្អប់ខ្ពើមថាជា «ជនផ្តាច់ខ្លួន»។ ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ខ្លួន បានរិះគន់ខ្លាំងៗចំពោះសុន្ទរកថាចូលកាន់តំណែងរបស់លោក កាលពីថ្ងៃចន្ទ ដោយលោកបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែង ហើយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានហៅលោក Lai ថា «គួរឱ្យអាម៉ាស់»។
លោក Lai និយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ ហើយច្រានចោទការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ទីបញ្ជាការប្រចាំតំបន់ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) និយាយថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួម មានការចូលរួមពីកងទ័ពជើងគោក ជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត នៅតំបន់ជុំវិញកោះតៃវ៉ាន់។

អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយនិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ ហើយមានទំនុកចិត្តថា ខ្លួនអាចការពារទឹកដីរបស់ខ្លួនបាន។ ការចាប់ផ្តើមសមយុទ្ធយោធា ក្នុងពេលនេះ មិនត្រឹមតែមិនរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាក៏បង្ហាញពីផ្នត់គំនិតយោធានិយមរបស់ប្រទេសចិនផងដែរ។
មន្ត្រីកោះតៃវ៉ាន់ បាននិយាយថា ពួកគេកំពុងឃ្លាំមើលសកម្មភាពយោធារបស់ចិន។
យោធាចិន បាននិយាយថា សមយុទ្ធនេះ ផ្តោតលើការល្បាតត្រៀមប្រយុទ្ធតាមដែនសមុទ្រនិងអាកាស ការវាយប្រហារស៊ីបគោលដៅលើគោលដៅសំខាន់ៗ និងប្រតិបត្តិការរួមបញ្ចូលគ្នា ទាំងក្នុង និងក្រៅកោះ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធពិតប្រាកដ របស់កងកម្លាំង។ នេះក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះសកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់ និងការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងពីខាងក្រៅ។