រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ បានជំរុញឱ្យប្រទេស អេហ្ស៊ីប ធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីប្រាកដថា ជំនួយមនុស្សធម៌កំពុងហូរចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈស្បៀងអាហារ និងថ្នាំពេទ្យ ទៅកាន់តំបន់ហ្កាហ្សា បាននៅគរ ខាងប្រទេសអេហ្ស៊ីប។

លោក Blinken បាននិយាយទៅកាន់សវនាការមួយនៅក្នុងសភាថា ច្រកឆ្លងកាត់ទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា នៅតែបិទ បន្ទាប់ពីយោធាអ៊ីស្រាអែល ដណ្តើមយកបាន កាលពីថ្ងៃទី៧ ខែឧសភា។ លោក Blinken និយាយថា ការប្រយុទ្ធនៅជិតច្រកឆ្លងកាត់ បានធ្វើឱ្យការផ្តល់ជំនួយជួបបញ្ហាប្រឈមដ៏លំបាក ប៉ុន្តែជំនួយនៅតែអាចឆ្លងកាត់បាន ដែលជាការនិយាយយោងទៅរកជាក់ស្តែងច្រកឆ្លងកាត់ Kerem Shalom ជិតទីក្រុង Rafah ដែលនៅបើក។

លោក Blinken និយាយថា ដូច្នេះយើង ចាំបាច់ត្រូវរកវិធីដើម្បីធ្វើឱ្យប្រាកដថា ជំនួយដែលនឹងឆ្លងកាត់ ទីក្រុង Rafah អាចឆ្លងកាត់ដោយសុវត្ថិភាព ប៉ុន្តែយើងជំរុញយ៉ាងខ្លាំងដល់ដៃគូប្រទេសអេហ្ស៊ីប របស់យើងឱ្យធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើទៅបាន ដើម្បីប្រាកដថាជំនួយកំពុងហូរចូលទៅដល់តំបន់ហ៊ុមព័ទ្ធមួយនេះ។
ការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ត្រូវបានរំខាន ចាប់តាំងពីអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធានៅទីក្រុងRafah ជាចំណាត់ការ ដែលអង្គការសហប្រជាជាតិ និយាយថាបានបង្ខំមនុស្ស ៩០០.០០០នាក់ឱ្យភៀសខ្លួនចេញ និងបានបង្កើនភាពតានតឹងជាមួយប្រទេសអេហ្ស៊ីប។
ប្រភពព័ត៌មានពីសន្តិសុខអេហ្ស៊ីប បាននិយាយថា អេហ្ស៊ីប ពុំអាចនាំយកជំនួយតាមរយៈទីក្រុង Rafah បានទេ ព្រោះមានវត្តមានយោធាអ៊ីស្រាអែលនៅច្រកឆ្លងកាត់ ដែលអេហ្ស៊ីប ប្រឆាំង។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃចន្ទថា វត្តមានយោធាអ៊ីស្រាអែល និងប្រតិបត្តិការប្រយុទ្ធ ធ្វើឱ្យអ្នកបើកបររថយន្តដឹកជំនួយមានគ្រោះថ្នាក់។
រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល លោក Ron Dermer និយាយថា ការផ្អាកការបញ្ជូនជំនួយគឺជាកំហុសរបស់អេហ្ស៊ីប។ នៅពេលនេះ អេហ្ស៊ីប កំពុងហាមឃាត់រថយន្តដឹកជំនួយមនុស្សធម៌ចំនួន ២.០០០គ្រឿង មិនឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា ដោយសារតែពួកគេមានបញ្ហានយោបាយ អំពីការឆ្លងកាត់ទីក្រុង Rafah ។