ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ បានបញ្ចេញទឹកប្រាក់ចំនួន២,៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងទឹកជំនន់ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជន ជិត ៣០០.០០០នាក់ នៅក្នុងប្រទេសប៊ូរុនឌី។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា អគ្គលេខាធិការរង លោក Martin Griffiths ដែលជាអ្នកសម្របសម្រួលជំនួយសង្គ្រោះ បានបែងចែកមូលនិធិសម្រាប់ស្ថាប័នពិភពលោកមួយនេះ និងដៃគូរបស់ខ្លួន ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់មនុស្សជាង ៦៣.០០០នាក់ រួមទាំង ឧបករណ៍ទឹកស្អាត និងអនាម័យ បង្គន់អនាម័យ ជំនួយផ្នែកសុខភាព និងជំនួយជាសាច់ប្រាក់។
អង្គការ OCHA បាននិយាយថា ចាប់តាំងពីដើមឆ្នាំមក ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសប៊ូរុនឌី ជាពិសេសនៅជិតបឹង តាហ្កានយីកា(Tanganyika) នៅភាគនិរតីរបស់ប្រទេស។

អង្គការ OCHA បាននិយាយថា មនុស្សជិត ៣០០.០០០ នាក់ បានរងផលប៉ះពាល់ ដោយមនុស្សជាង ៤៧.០០០នាក់ត្រូវភៀសខ្លួនចេញពីលំនៅឋាន។
លំនៅឋាន និងសាលារៀនរាប់ពាន់ខ្នង ព្រមទាំងដំណាំសម្រាប់ស្បៀង ចំនួន ១០ភាគរយ របស់ប្រទេសប៊ូរុនឌី ត្រូវរងការបំផ្លាញ។ ទឹកជំនន់ក៏បានបង្កើនការរាលដាលនៃជំងឺដែលឆ្លង ផងដែរ។