នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា អ៊ីស្រាអែល មិនមានផែនការសាងសង់លំនៅឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមនៅទីនោះ បានបញ្ចប់នោះទេ។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា៖«ការតាំងទីលំនៅថ្មីនៅតំបន់ហ្កាហ្សា... គឺមិនអាចកើតឡើងទេ»។ «សមាជិកខ្លះរបស់ខ្ញុំមិនសប្បាយចិត្តចំពោះបញ្ហានេះទេ ប៉ុន្តែនោះហើយ គឺជាជំហររបស់ខ្ញុំ»។
រដ្ឋមន្ត្រីជាតិនិយមស្តាំនិយមមួយចំនួន នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកណេតាន់យ៉ាហ៊ូ បាននិយាយម្តងហើយម្តងទៀត ក្នុងការគាំទ្រដល់ការតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្ទ្រីបជាមួយនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វ។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ថែមទាំង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនចង់រស់នៅទីនោះដោយខ្លួនឯងដែរ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍ CNNថា នៅពេលដែលអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានចាញ់នោះ ការដាក់ពង្រាយយោធាប្រកបដោយនិរន្តរភាពនៅតំបន់ហ្កាហ្សា ត្រូវតែសម្រេចបាន ដោយបន្ថែមថា៖«កម្លាំងតែមួយគត់ដែលអាចទប់ស្កាត់ការកើតឡើងវិញនៃអំពើភេរវកម្មសម្រាប់អនាគតដ៏ខ្លីខាងមុខ គឺអ៊ីស្រាអែល»។