ទីភ្នាក់ងារចារកម្មអាមេរិក ជឿជាក់ថា អ៊ីស្រាអែល បានសម្លាប់ភេរវករហាម៉ាសពី ៣០ទៅ៣៥ភាគរយប៉ុណ្ណោះ ដែលជាផ្នែកមួយនៃក្រុមនេះ មុនពេលការវាយប្រហារថ្ងៃទី៧ ខែតុលា។
សារព័ត៌មាន Politico បានរាយការណ៍ថា លើសពីនេះទៀត ៦៥ភាគរយនៃបណ្តាញផ្លូវរូងក្រោមដីដ៏ធំ ដែលក្រុមហាម៉ាស បានប្រើដើម្បីធ្វើការវាយប្រហារ នៅមានដដែល។

សារព័ត៌មាននេះ ក៏បាននិយាយផងដែរថា មន្ត្រីអាមេរិកជឿថា ក្រុមហាម៉ាស បានជ្រើសរើសសមាជិកថ្មីរាប់ពាន់នាក់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
មន្ត្រីសំខាន់ៗមកពីរដ្ឋបាលលោក បៃដិន បានសម្តែងការភ័យខ្លាចថា អ៊ីស្រាអែល កំពុងខ្ជះខ្ជាយឱកាសរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស ដោយបានរិះគន់ជាសាធារណៈនូវយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីបថា ជា «ការបរាជ័យខ្លួនឯងទៅវិញ» និង «ទំនងជានឹងបើកឱកាសឲ្យក្រមហាម៉ាសវិលត្រឡប់មកវិញ»។

ប្រទេសអ៊ីស្រាអែល បានប្តេជ្ញាថា នឹងកម្ទេចនិងបំផ្លាញក្រុមហាម៉ាស ជាការឆ្លើយតបនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលមនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។