ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យសូមកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់របស់កម្ពុជា។

ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យថា បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់នោះចំពោះជាសកម្មជនបក្សប្រឆាំង ដោយកុំគិតថា ក្រុមប្រឆាំងអាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បានតាមចិត្តនោះទេ។
សម្តេចធិបតីបញ្ជាក់ថា មិត្តបរទេសមិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយណែនាំក្រុមប្រឆាំងដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះកុំឱ្យដើរហួសព្រំដែនច្បាប់របស់ប្រទេសកម្ពុជ ហើយកុំវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះបានប្រព្រឹត្តទង្វើបែបណាវិញ។
សូមជម្រាបថា រាជរដ្ឋាភិបាលម្ពុជា តាំងពីអាណត្តិមុនៗដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរព និងការពារសិទ្ធិ លទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ និងរក្សានូវស្ថិរភាព និងសន្ដិភាពរបស់ប្រទេសកម្ពុជាដើម្បីធ្វើយ៉ាណាឱ្យកម្ពុជាបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា