ភ្នំពេញ ៖ ទីប្រឹក្សាផ្នែកច្បាប់នៃគណៈកម្មាធិការកាកបាទ ក្រ ហមអន្តរជាតិ (ICRC)បានកោតសរសើរភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាម ក៏ដូចជាភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នេះ។ព្រមទាំងបានបញ្ជាក់ថា ICRC នឹងបន្តពិភាក្សា និងធ្វើការជាមួយកម្ពុជាដល់ដំណើររៀបចំកិច្ចប្រជុំត្រួត ពិនិត្យឡើង វិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
ការបញ្ជាក់បែបនេះដោយលោក Fahad Ahmed ទី ប្រឹក្សាផ្នែកច្បាប់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរ ជាតិ (ICRC) ក្នុងខណះត្រូវបានឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនអនុ ញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤នេះ នៅទីស្នាក់ការអាជ្ញាធរមីន ។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែង ប្រាប់ពីកិច្ចខិតខំប្រឹងប្រែងរាជរដ្ឋាភិបាលក្នុងការដោះ ស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ដែលសមិទ្ធផលទាំង នេះ គឺជាភាពជោគជ័យរបស់កម្ពុជា ក្នុងការផ្តល់នូវដីប្រកបដោយសុវត្ថិភាពសម្រាប់ការបង្កបង្កើនផល និងគាំទ្រដល់ការអភវិឌ្ឍប្រទេសជាតិ ជាពិសេសបានកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យស្ថិតក្នុងកម្រិតអប្បបរមា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីអាណត្តិរបស់អាជ្ញាធរមីនក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការផ្តល់កិច្ចស ហការ និងសម្របសម្រួលក្នុងការផ្តល់សេវានានាដល់ជន រងគ្រោះ និងជនងាយរងគ្រោះ។ តាងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់ ICRC ក្នុងកំឡុងពេលកម្ពុជាជួបនូវវិបត្តិសង្រ្គាម និងវិបត្តិមនុស្សធម៌ ហើយ ICRC គឺជាមិត្តភ័ក្តិពិតប្រាកដរបស់កម្ពុជា។
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ICRC ដែលបានចូលរួមជួយកម្ពុជាក្នុងកំឡុងពេលមានសង្រ្គាម ជួយដល់ជនភៀសខ្លួន និងជួយដល់សកម្មភាពមីនមនុស្សធម៌ ព្រមទាំងបានបណ្តុះបណ្តាលនូវជំនាញដល់កម្ពុជាក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងជួយកសាងនូវមជ្ឈមណ្ឌលស្តារកាយសម្បទា ជាដើម។ ជាងនេះទៅទៀត ក្នុងភាពជាប្រធាននៃអនុសញ្ញាអូតាវ៉ារបស់កម្ពុជា ICRC បានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរយ៉ាងជិតស្និទជាមួយកម្ពុជា ផងដែរ។
ជាការឆ្លើយតបលោក Fahad Ahmed ទីប្រឹក្សាផ្នែកច្បាប់នៃគណៈ កម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)បានកោតសរសើរភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាម ក៏ដូចជាភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នេះ។ លោក Fahad Ahmed បានបញ្ជាក់ថា ICRC នឹងបន្តពិភាក្សា និងធ្វើការជាមួយកម្ពុជាដល់ដំណើររៀបចំកិច្ចប្រជុំត្រួត ពិនិត្យឡើង វិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕ អត្ថបទ ៖ ភារម្យ










