
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) នេះបានឱ្យដឹងថា ការផ្ទុះមួយបានកើតឡើងនៅអគារផ្ទះល្វែង (អាផាតមិន) កម្ពស់ប្រាំជាន់ក្នុងទីក្រុង ហាអើពីន (Harbin) នៃខេត្ត ហ៊ីឡុងជាំង (Heilongjiang) ប្រទេសចិន ដោយមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។
សាក្សីបានប្រាប់សារព័ត៌មានស៊ីនហួរ (Xinhua) ថា ការផ្ទុះនេះបានកើតឡើងបន្ទាប់ពីម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) នៅឯអគារមួយដែលមានទីតាំងនៅចំនុចប្រសព្វរវាងផ្លូវ សាំងស៊ុន (Xiangshun) និងផ្លូវ កុងពីន (Gongbin) ក្នុងទីក្រុង ហាអើពីន ហើយការផ្ទុះនេះ កើតឡើងនៅផ្ទះល្វែងមួយនៅជាន់ទី៤ នៃអគារ។
អ្នកស្រុកក្នុងតំបន់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយសង្ស័យថាវាជាការផ្ទុះហ្គាស នេះបើយោងតាមរបាយការណ៍។ កម្លាំងនៃការផ្ទុះនេះបានប៉ះពាល់ដល់រានហាលនៃផ្ទះល្វែង និងរានហាលមួយចំនួនទៀតនៅក្បែរនោះ ខណៈគេឃើញមនុស្សម្នារត់ចេញពីអគារ។ សារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា រថយន្តគិលានសង្គ្រោះ សន្តិសុខសាធារណៈ និងបុគ្គលិកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។
ការផ្ទុះហ្គាសកើតឡើងជាប្រចាំនៅប្រទេសចិន។ កាលពីខែមីនា មនុស្សពីរនាក់បានស្លាប់ និង ២៦ នាក់បានរងរបួសបន្ទាប់ពីការលេចធ្លាយហ្គាស ហើយបានបង្កឱ្យមានការផ្ទុះដ៏ធំមួយនៅភោជនីយដ្ឋានមួយក្នុងខេត្ត ហឺប៉ី (Hebei) ភាគខាងជើងរបស់ប្រទេសចិន ដែលបានបំផ្លាញផ្នែកខាងមុខនៃអគារ និងរថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ៕