
លោក វីតាល់ កាំមឺហេ(Vital Kamerhe) ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កាលពីថ្ងៃពុធ បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៃសភាជាន់ទាបរបស់ប្រទេស។ លោក Kamerhe ដែលដឹកនាំសហភាពសម្រាប់ប្រជាជាតិកុងហ្គោ បានទទួលជ័យជម្នះ ៣៧១ នៃសំឡេងឆ្នោត៤០៧សំឡេង។ លោក ហ្សង់ ក្លៅ ស៊ីលូមបាយី(Jean-Claude Tshilumbayi) មកពីគណបក្សកាន់អំណាច គឺគណបក្ស សហភាពសម្រាប់សង្គមជឿនលឿន និងលទ្ធិប្រជាធិបតេយ្យ(UDPS) បានជាប់ឆ្នោតជាអនុប្រធានទីមួយ ខណៈលោក គ្រីស្តីហ្វេ បូសូ(Christophe Mboso) ជាប្រធានដែលនឹងចេញពីតំណែង បានជាប់ឆ្នោតជាអនុប្រធានទីពីរ។
កងទ័ពរបស់ប្រទេសកុងហ្គោ បាននិយាយថា លោក Kamerhe គឺជាគោលដៅមួយក្នុងចំណោមគោលដៅនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ កាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យយោធាសាធារណៈរដ្ឋកុងហ្គោ លោក ស៊ីលវៀន អ៊ីកេន(Sylvain Ekenge) បានប្រកាសថា លំនៅឋានរបស់លោក ត្រូវបានវាយឆ្មក់ចូលដោយក្រុមប្រដាប់អាវុធ កាលពីព្រឹកថ្ងៃអាទិត្យក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវបាន រារាំងភ្លាមៗ ដោយកងកម្លាំងការពារជាតិ។ យោធាកុងហ្គោនិយាយថា អ្នកវាយប្រហារ៤នាក់ត្រូវបានសម្លាប់ ហើយប្រហែល៤០ នាក់ ផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ រួមទាំងជនជាតិអាមេរិកច្រើននាក់ ត្រូវបានចាប់ខ្លួន។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យ ត្រូវបានថ្កោលទោសដោយមេដឹកនាំនៃបណ្តាប្រទេស និងអង្គការជាច្រើន នៅអាហ្វ្រិក។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ លោក Kamerhe គឺជាបេក្ខជនតែមួយគត់សម្រាប់ប្រធានរដ្ឋសភា។ កាលពីដើមខែមេសា ប្រធានាធិបតីរបស់ប្រទេស លោក ហ្វីលីក ស្សីសេកេឌី( Felix Tshisekedi) បានតែងតាំងលោកស្រី ជូឌីត ទូលូកា ស៊ូមីនវ៉ា(Judith Tuluka Suminwa) ជានាយករដ្ឋមន្ត្រីថ្មី ដែលលោកស្រី Tuluka ក៏ជាគោលដៅនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យនេះផងដែរ ប៉ុន្តែក្រុមអ្នកធ្វើរដ្ឋប្រហារ បានបរាជ័យក្នុងការកំណត់លំនៅឋានរបស់លោកស្រី។