
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានរិះគន់សមយុទ្ធយោធារបស់ប្រទេសចិន នៅជុំវិញកោះស្វ័យគ្រប់គ្រងនេះថាជា «ការបង្កហេតុមិនសមហេតុផល»។ សមយុទ្ធនេះកើតឡើងត្រឹមតែតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ឬហៅថា វីលៀម ឡៃ (William Lai) ដែលទីក្រុងប៉េកាំង បានដាក់ឈ្មោះថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» និង «អ្នកបង្កបញ្ហា»។
សមយុទ្ធនេះកំពុងកើតឡើងជុំវិញកោះតៃវ៉ាន់ និងប្រជុំកោះដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ ដូចជាកោះ ឃីនមិន (Kinmen), កោះម៉ាត់ស៊ូ (Matsu), កោះ អ៊ូឈីវ (Wuqiu) និងកោះ តុងយីន ( Dongyin)។ អ្នកនាំពាក្យរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានហៅសមយុទ្ធនោះថាជា «ការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា» សម្រាប់ «សកម្មភាពផ្តាច់ខ្លួន»។
អាជ្ញាធរការពារជាតិតៃវ៉ាន់ បន្ថែមថា ក្រុងតៃប៉ិ បានបញ្ជូនកងកម្លាំងជើងទឹក អាកាស និងជើងគោក ដើម្បី «ការពារអធិបតេយ្យភាពរបស់កោះនេះ»។ ក្រុមអ្នកវិភាគយោធានិយាយថា ប្រជុំកោះដាច់ស្រយាលរបស់តៃវ៉ាន់ ដែលនៅជិតឆ្នេរសមុទ្រចិន ត្រូវបានបញ្ចូលជាគោលដៅជាលើកដំបូងដោយផ្អែកលើផែនទីដែលចេញផ្សាយដោយកងទ័ពរំដោះប្រជាជនចិន។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានដកស្រង់សម្តីអ្នកជំនាញយោធា លោក ជែរ ចុង (Chieh Chung) និយាយថា សមយុទ្ធដែលកំពុងបន្តនេះមានគោលបំណង «និមិត្តការក្រសោបយកកោះដោយប្រដាប់អាវុធពេញលក្ខណៈលើតៃវ៉ាន់»។ ប្រទេសចិន បានអះអាងជាយូរមកហើយថា កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ប៉ុន្តែកោះនេះមើលឃើញថាខ្លួនឯងមិនមែនជារបស់ចិននោះទេ៕