
អាជ្ញាធរន័រវែស នឹងដាក់ការឹតបន្តឹងបន្ថែមលើអ្នកទេសចររុស្ស៊ី ចាប់ពីថ្ងៃទី ២៩ ខែឧសភានេះ។
រដ្ឋាភិបាលន័រវែស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ខ្លួនថា៖«ពលរដ្ឋរុស្ស៊ីដែលមានគោលបំណងទេសចរណ៍ និងការធ្វើដំណើរមិនសំខាន់ផ្សេងទៀត នឹងត្រូវបដិសេធនៅពេលចូលឆ្លងកាត់ព្រំដែនខាងក្រៅ។ ការដាក់កម្រិតនេះ អនុវត្តទាំងចំពោះអ្នកដែលមានទិដ្ឋាការចេញដោយប្រទេសន័រវែស មុនពេលការអនុវត្តទិដ្ឋាការ ត្រូវបានរឹតបន្តឹង នៅនិទាឃរដូវឆ្នាំ ២០២២ និងចំពោះទិដ្ឋាការដែលចេញដោយបណ្តារដ្ឋាភិបាលនៃប្រទេសតំបន់សែងហ្គិន (Schengen) ដោយបន្ថែមថា ការសម្រេចនេះ នឹងចូលជាធរមាន នៅថ្ងៃទី ២៩ ខែឧសភានេះ។
ទីក្រុងអូស្លូ បាននិយាយថា ខ្លួននឹងផ្តល់ការលើកលែង «ក្នុងករណីជាក់លាក់» រួមទាំងសម្រាប់អ្នកដែលទៅលេងគ្រួសារជិតស្និទ្ធរបស់ពួកគេ ដែលរស់នៅក្នុងប្រទេសន័រវែស ឬសម្រាប់ពលរដ្ឋរុស្ស៊ី ដែលកំពុងធ្វើការ ឬសិក្សានៅប្រទេសន័រវែស ឬប្រទេសផ្សេងទៀត នៅតំបន់សែងហ្គិន។
ប្រទេសន័រវែស ក៏បាននិយាយថា ខ្លួនបន្ត«ការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់» ទៅលើស្ថានភាព នៅចំណុចឆ្លងកាត់ Storskog តាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ីហើយ «នឹងចាត់វិធានការ ប្រសិនបើចាំបាច់»។