
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយមន្ត្រីក្នុងតំបន់ នៅដែនដី New Caledonia (នូវ៉ែល កាលេដូនី) នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) នេះ ខណៈដែលលោកបានធ្វើដំណើរទៅដល់កោះប៉ាស៊ីហ្វិកដែលគ្រប់គ្រងដោយបារាំងមួយនេះ ដើម្បីព្យាយាមរម្ងាប់កុបកម្មដ៏អាក្រក់បំផុត ដែលបង្កឡើងដោយកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាស។
គួរបញ្ជាក់ថា គិតចាប់តាំងពីកុបកម្មបានចាប់ផ្តើមកាលពីជាង ១សប្តាហ៍មុន ឃើញថា មនុស្ស ៦នាក់ បានស្លាប់ ខណៈដែលការតវ៉ាហិង្សានេះបានបង្កឲ្យមានភាពអនាធិបតេយ្យ ដូចជាមានការលួចអីវ៉ាន់ពីហាងនានា ហើយនិងដុតរថយន្ត និងកន្លែងអាជីវកម្មផ្សេងៗ។ រដ្ឋាភិបាលបារាំងបានបញ្ជូនកម្លាំងនគរបាលរាប់រយនាក់បន្ថែម ដើម្បីជួយធ្វើឲ្យគ្រប់យ៉ាងត្រឡប់មកសភាពដើមវិញ។
មូលហេតុដែលនាំឲ្យមានភាពចលាចលហិង្សានេះ គឺដោយសារក្រុមអ្នកតវ៉ាភ័យខ្លាចថា កំណែទម្រង់ការបោះឆ្នោតដែលត្រូវបានអនុម័តរួចហើយដោយសមាជិកសភា ក្នុងប្រទេសបារាំងដីគោក ដែលមានចម្ងាយប្រហែល ១៦.០០០គីឡូម៉ែត្រពីកោះនេះ នឹងធ្វើឲ្យខ្សោយដល់សម្លេងឆ្នោតរបស់ជនជាតិដើមភាគតិច Kanak ដែលមានចំនួន ៤០ភាគរយនៃប្រជាជននៅលើកោះ ២៧០.០០០នាក់៕