
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅដល់កោះប៉ាស៊ីហ្វិក New Caledonia (នូវ៉ែល កាលេដូនី) នៅថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) នេះ ដើម្បីធ្វើកិច្ចពិភាក្សានានារយៈពេលមួយថ្ងៃ ដែលលោកមានបំណងឲ្យមានការចាប់ផ្ដើមថ្មី ដោយការបញ្ចប់កុបកម្មដ៏អាក្រក់បំផុត ដែលបង្កឡើងដោយកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាស។
លោក Macron បានប្រាប់អ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិ La Tontouta (ឡាតុងទូតា) ថា៖ «ការវិលត្រឡប់ទៅរកសន្តិភាព ភាពស្ងប់ស្ងាត់ និងសុវត្ថិភាពវិញ» គឺជា «អាទិភាពធំចម្បងរបស់លោក»។ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ដែនដីនូវ៉ែល កាលេដូនី របៀបវារៈរបស់លោក Macron រួមមានការជួបជាមួយមន្ត្រីជាប់ឆ្នោតក្នុងតំបន់ ក៏ដូចជាម្ចាស់អាជីវកម្មផ្សេងៗផងដែរ។
រាល់ការប៉ុនប៉ងបញ្ចុះបញ្ចូលបាតុករ និងអ្នកបះបោរឲ្យចាកចេញពីផ្លូវ នឹងក្លាយជាបញ្ហាប្រឈមមួយ ក៏ដូចជាការបញ្ចុះបញ្ចូលភាគីគាំទ្រឯករាជ្យ ដែលបន្ទោសលោក Macron និងរដ្ឋាភិបាលរបស់លោកថា ជាដើមហេតុបង្កឲ្យកើតកុបកម្មនេះ។
ក្រុមបាតុករបារម្ភថា កំណែទម្រង់ការបោះឆ្នោត នឹងធ្វើឲ្យខ្សោយដល់សំឡេងឆ្នោតរបស់ជនជាតិដើមភាគតិច Kanak ដែលមានចំនួនស្មើនឹង ៤០ភាគរយនៃប្រជាជននៅលើកោះនេះ។ មនុស្ស ៦នាក់ បានស្លាប់នៅក្នុងកុបកម្ម ដែលបានធ្វើឲ្យមានការលួចទំនិញតាមហាង ហើយនិងការដុតបំផ្លាញរថយន្ត និងកន្លែងអាជីវកម្មផ្សេងៗ។ រដ្ឋាភិបាលបារាំងបានបញ្ជូនកម្លាំងនគរបាលរាប់រយនាក់បន្ថែម ដើម្បីជួយទប់ទល់នឹងស្ថានការណ៍នេះ៕