បាល់ទាត់៖ លោកឧកញ្ញា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោនបានឧបត្ថម្ភសម្ភារៈមួយចំនួន ដល់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ។
យោងតាមការជូនដំណឹងរបស់អតីតក្រុមជើងឯក ៦សម័យនេះ សម្ភារៈដែលភ្នំពេញក្រោន បានឧបត្ថម្ភដល់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ រួមមានម៉ាស់ចំនួន ៤៩កេសស្មើនឹង ៨ម៉ឺនម៉ាស់ និងជេលលាងដៃចំនួន ៨០កេសស្មើនឹង ២,៤០០ដប។ តាមរយៈការឧបត្ថម្ភនេះ ថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថា នេះគឺជាការរួមចំណែកមួយដល់សង្គម និងដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក្លិបរំពឹងប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងបន្ដចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីឆាប់បានត្រឡប់មកសភាពធម្មវិញ។
គួរបញ្ជាក់ថា អំឡុងវិបត្តិកូវីដ-១៩ ថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន ទាំងស្ថាបនិក និងប្រធានក្លិបបានបរិច្ចាគថវិកាជាបន្តបន្ទាប់ដល់រាជរដ្ឋាភិបាល និងខេត្តមួយចំនួនដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា