
មានការរំពឹងទុកថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចាត់តាំងប្រទេសកេនយ៉ាជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនអង្គការណាតូ (NATO) អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃរបស់ប្រធានាធិបតីកេនយ៉ាលោក William Ruto នៅសប្តាហ៍នេះ។ នេះបើតាមប្រភពដែលដឹងអំពីផែនការនេះ។
បើតាមសម្ដីរបស់ប្រភពនោះ មានន័យថា កេនយ៉ានឹងក្លាយជាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិកដំបូងគេដែលបានទទួលការតែងតាំងនេះ ដោយការធ្វើបែបនេះឆ្លុះបញ្ចាំងពីការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអាហ្វ្រិកខាងកើតមួយនេះ ពោលគឺជាប្រទេសក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងចិនជាយូរមកហើយផងដែរ។
ជាមួយគ្នានេះ ខណៈដែលលោកបានស្វាគមន៍លោក Ruto នៅសេតវិមាន សម្រាប់កិច្ចប្រជុំជាមួយនាយកប្រតិបត្តិអាជីវកម្ម លោក Biden បានប្រាប់អ្នកសារព័ត៌មានថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិក ក្នុងខែកុម្ភៈ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ មេដឹកនាំទាំង២ នឹងជួបគ្នាម្តងទៀតនៅក្នុងការិយាល័យ Oval នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) នេះ ដែលតាមមកដោយកម្មវិធីសន្និសីទសារព័ត៌មានរួមគ្នា និងអាហារពេលល្ងាចថ្នាក់រដ្ឋ។
មណ្ដាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ បានប្រាប់ឲ្យដឹងថា លោក Biden និងលោក Ruto នឹងពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់ការបន្ធូរបន្ថយបំណុល និងវិធីឆ្ពោះទៅមុខ សម្រាប់ប្រទេសហៃទី អ៊ុយក្រែន ស៊ូដង់ និងតំបន់ផ្សេងទៀត អំឡុងកិច្ចប្រជុំរបស់មេដឹកនាំទាំង២។
លើសពីនេះទៀត កាលពីថ្ងៃពុធ (ទី២២ ខែឧសភា) លោក Biden បាននិយាយថា លោក និងលោក Ruto នឹងចាប់ផ្តើមសករាជថ្មីនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា រវាងប្រទេសទាំង២ ដែលនឹងរួមបញ្ចូលការងារ ស្ដីអំពីសន្តិសុខអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត និងគ្រឿងអេឡិចត្រូនិក។ តែលោកមិនបានលើកឡើងអំពីការកំណត់ផ្នែកសន្តិសុខនោះទេ៕