ភ្នំពេញ ៖ ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានបញ្ជាក់ថា ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។
ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានបញ្ជាក់បែបនេះក្នុងឱកាសជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានសម្តែងនូវក្តីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរមានការរីកចម្រើន។ សម្ដេចតេជោពិតជារីករាយ ដោយឃើញពីលទ្ធផលនៃជំនួប រវាងឯកឧត្តមជាមួយនឹងសម្ដេចរដ្ឋមហាសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។
ជាការឆ្លើយតបឯកឧត្តម សូរ៉ាត ហ្សាគៀរ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម ចាវជីលី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ តំណាងប្រជាជនចិន និងថ្នាក់ដឹកនាំចិនជាច្រើនទៀតផងដែរ ជូនសម្ដេចតេជោ។ ឯកឧត្តមសម្ដែងអំណរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់កម្ពុជាដែលគណបក្សប្រជាជនកម្ពុជាបានទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ ដែលបង្ហាញពីការគាំទ្រដ៏លើសលប់ពីប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ ឯកឧត្តមបានបន្តទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។
ឯកឧត្តមបន្តថាភាគីចិនក៏នឹងត្រៀមរៀបចំទទួលស្វាគមន៍វត្តមានសម្ដេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របនាពេលខាងមុខនេះផងដែរ។ ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជាលើគ្រប់វិស័យជាច្រើនទៀត។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នឹងបានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចក៏បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍បន្តថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕ ដោយ ៖ ដារ៉ា








