
ម៉ិកស៊ិកបានជួបប្រទះនឹងកម្ដៅក្ដៅខ្លាំងបន្តទៀត កាលពីថ្ងៃពុធ (ទី២២ ខែឧសភា) បន្ទាប់ពីសេវាអាកាសធាតុជាតិ (SMN) បានប្រកាសពីការចាប់ផ្តើមនៃរលកកម្ដៅទី៣ របស់ប្រទេស កាលពីថ្ងៃចន្ទ (ទី២០ ខែឧសភា) ដោយការប្រកាសនោះ កើតមានឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរលកកម្ដៅទី២ នៃឆ្នាំនេះ បានបញ្ចប់។
ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ SMN បានឲ្យដឹងថា រលកកម្ដៅទី៣ នៃរដូវកាលនេះនឹងបន្តវាយប្រហារនៅទូទាំងប្រទេសម៉ិកស៊ិក ជាមួយនឹងសីតុណ្ហភាពលើសពី ៤៥អង្សាសេ ដែលត្រូវបានព្យាករថា នឹងកើតមាននៅក្នុងរដ្ឋចំនួន៩ របស់ប្រទេស ដូចជារដ្ឋ Sinaloa, Guerrero, Nuevo Leon, Tamaulipas, San Luis Potosi, Veracruz, Tabasco, Campeche និង Yucatan។
ក្នុងទីក្រុង Leon នៅភាគកណ្តាលប្រទេសម៉ិកស៊ិក គេឃើញសង្ឃនាយក និងសហគមន៍កាតូលិក ជួបជុំគ្នា កាលពីថ្ងៃអាទិត្យ នៅឯទំនប់ El Palote ដែលទឹករីងហួតអស់ ដើម្បីប្រារព្ធពិធីសុំទឹកភ្លៀងដ៏ធំមួយ ខណៈដែលប្រទេសនេះ ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតផងដែរ។
គួរបញ្ជាក់ថា ម៉ិកស៊ិកកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរទូទាំងប្រទេស ដែលបាននាំឲ្យកើតវិបត្តិទឹកកាន់តែអាក្រក់ នៅទូទាំងប្រទេស ដោយវិបត្តិនេះបានធ្វើឲ្យទឹកក្លាយជាបញ្ហាសំខាន់ នៅក្នុងការបោះឆ្នោតសកល នាខែមិថុនាខាងមុខ៕