
មេដឹកនាំមកពីកូរ៉េខាងត្បូង ចិន និងជប៉ុន ត្រូវបានគេរំពឹងថា នឹងជួបគ្នា សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីរបស់មេដឹកនាំទាំង៣ នៅទីក្រុងសេអ៊ូល នាថ្ងៃទី២៦ និងទី២៧ ខែឧសភា ដែលជាកិច្ចប្រជុំលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសចិន។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូល នៅចុងសប្តាហ៍នេះ។
សូមរំលឹកថា ប្រទេសទាំង៣ បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០០៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ប៉ុន្តែគំនិតផ្តួចផ្តើមនោះ បានជួបនឹងភាពររកាំរកូសដោយសារជម្លោះទ្វេភាគី និងការរីករាលដាលនៃជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងជំនួបកំពូលនេះ នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាតំបន់អន្តរជាតិនៃសាកលវិទ្យាល័យ Hankuk University of Foreign Studies នៅកូរ៉េខាងត្បូង គឺលោកសាស្ត្រាចារ្យ Kang Jun-young បាននិយាយថា កិច្ចប្រជុំត្រីភាគីដ៏កម្រនេះ មានអត្ថន័យសម្រាប់ «សម្ទុះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំង៣ ប៉ុន្តែបញ្ហាសេដ្ឋកិច្ច សង្គម ឬវប្បធម៌ នឹងក្លាយជារបៀបវារៈធំចម្បង ជាជាងការពិភាក្សាបញ្ហានយោបាយ ក្នុងនោះរួមទាំងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ៕