
ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei កាលពីថ្ងៃពុធ (ទី២១ ខែឧសភា) មើលទៅហាក់សមជាតារារ៉ុកនៅលើឆាក ជាងអ្នកនយោបាយដែលប្រែក្លាយខ្លួនពីអ្នកសេដ្ឋកិច្ច ខណៈដែលរូបបានស្រែកច្រៀងបទចម្រៀង «Panic Show» របស់ក្រុមតន្រ្តីអាហ្សង់ទីន La Renga នៅចាប់ផ្តើមកម្មវិធីបង្ហាញសៀវភៅចុងក្រោយរបស់លោក ដែលមានចំណងជើងថា «Capitalism, Socialism & the Neoclassical Trap» (អន្ទាក់មូលធននិយម សង្គមនិយម និងអក្សរសិល្បិ៍ទំនើប»។
ក្នុងព្រឹត្តិការណ៍នោះ អ្នកគាំទ្ររបស់លោកក៏បានស្រែកពាក្យស្លោកប្រឆាំងនឹងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ផងដែរ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានភាពតានតឹង រវាងលោក Milei និងលោក Sanchez ដែលបានកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអាហ្សង់ទីនជាអចិន្ត្រៃយ៍ បន្ទាប់ពីមានការអត្ថាធិប្បាយប្រមាថមើលងាយរបស់លោក Milei អំពីភរិយារបស់លោក Sanchez គឺលោកស្រី Begona Gomez អំឡុងពេលមានបាតុកម្ម នៅទីក្រុង Madrid ដែលរៀបចំដោយគណបក្សស្ដាំនិយម Vox។
តែបណ្ដាអ្នករិះគន់ ចំពោះលោក Milei ក្នុងនោះរួមទាំងអ្នកនយោបាយប្រឆាំងផងដែរ បានរិះគន់ការសម្តែងកាលពីថ្ងៃពុធនោះថា ជាទង្វើឥតត្រិះរិះពិចារណា ក្នុងខណៈពេលដែលប្រជាជនអាហ្សង់ទីនកំពុងជួបការលំបាក ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅក្រោមគោលនយោបាយសារពើពន្ធដ៏តឹងរ៉ឹងរបស់លោក។ ភាពក្រីក្របានឡើងដល់ជិត ៦០ភាគរយ ក្រោមការដឹកនាំរបស់លោក Milei ហើយការបញ្ឈប់ពីការងារ កំពុងកើនឡើងជាលំដាប់៕