
អភិបាលរដ្ឋ បាននិយាយថា មនុស្ស ៩នាក់ បានស្លាប់កាលពីថ្ងៃពុធ នៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៉ិកស៊ិក បន្ទាប់ពីឆាកមួយបានបាក់រលំនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ សម្រាប់គណបក្សចលនាប្រជាជន។
អភិបាលរដ្ឋ Nuevo Leon លោក Samuel Garcia បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈ នាយកវិទ្យាស្ថានសន្តិសុខសង្គមរបស់ប្រទេសម៉ិកស៊ិក បានរាយការណ៍ថា មនុស្សរាប់សិបនាក់កំពុងត្រូវបានព្យាបាលនៅគ្លីនិកក្នុងស្រុក។
លោក Garcia បាននិយាយថា ជនរងគ្រោះដែលបានស្លាប់មានមនុស្សពេញវ័យ៨នាក់ និងកុមារម្នាក់ ហើយលោកបានធ្វើដំណើរទៅមន្ទីរពេទ្យជាកន្លែងដែលមនុស្ស៣នាក់ កំពុងធ្វើការវះកាត់។
លោក Jorge Alvarez Maynez បេក្ខជនប្រធានាធិបតីសម្រាប់គណបក្សចលនាប្រជាជននិយមកណ្តាល បាននិយាយថា ខ្យល់កន្ត្រាក់ បានបណ្តាលឱ្យឆាកបាក់រលំនៅក្នុងព្រឹត្តិការណ៍ នៅក្នុងទីក្រុង San Pedro Garza Garcia ជាតំបន់សម្បូរដោយធនធាន នៅជិតមជ្ឈមណ្ឌលឧស្សាហកម្មទីក្រុង Monterrey។ វីដេអូនៃឧបទ្ទវហេតុនេះ បានបង្ហាញឱ្យឃើញនូវរចនាសម្ព័ន្ធភ្លាមៗបានបាក់ធ្លាក់ទៅលើហ្វូងមនុស្ស ។
វាជាហេតុការណ៏មិនសមកើតឡើងទាល់តែសោះ ព្រោះជាធម្មតាអាកាសធាតុផ្តល់ការព្រមាន នៅពេលដែលវាមិនអំណោយផលខ្លាំង។ អ្វីដែលយើងបានជួបនោះ បានកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ខ្យល់កន្ត្រាក់មួយបានមកដល់ភ្លាមៗ ហើយជាអកុសលវាបានផ្តួលរំលំឆាក បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាច្រើន។
យោងតាមសាក្សីបានឲ្យដឹងថា មនុស្សជាង ៥ ពាន់នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍យុទ្ធនាការនេះ។