
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយកាលពីថ្ងៃពុធថា ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកសម្រាប់ការបញ្ជូន ប្រព័ន្ធឈ្លបយកការណ៍ដែនអាកាសដែលមានតម្លៃ ៩៦០ លានដុល្លារ ដើម្បីត្រួតពិនិត្យព្រំដែនភាគឦសានរបស់ខ្លួន។
លោកបានបន្តថា៖ «ប៉ូឡូញនឹងក្លាយជាប្រទេសទី២ ក្នុងពិភពលោកដែលប្រើប្រព័ន្ធនេះ»។ «កិច្ចព្រមព្រៀងកំណត់សន្តិសុខរបស់យើង វាគឺជាសកម្មភាពមួយផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរវាងប៉ូឡូញ និងសហរដ្ឋអាមេរិក»។
ខ្លួនស្វែងរកការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ខ្លួនមានគោលបំណងវិនិយោគ ២,៦ពាន់លានដុល្លារ ក្នុងការការពារព្រំដែនភាគខាងកើត។
នៅក្រោមកិច្ចសន្យានេះ ប្រទេសប៉ូឡូញ នឹងទទួលបានបាឡុងហោះចំនួន៤គ្រាប់ ឬបាឡុងដែលចងបង្ហោះពីដីទៅលើអាកាសដាក់នៅប៉ុស្តិ៍តាមបណ្តោយព្រំដែនភាគខាងកើត និងភាគឦសាននៃប្រទេស ប៉ូឡូញ ដើម្បីជួយដល់ប្រព័ន្ធការពារអាកាស និងប្រព័ន្ធសង្កេតតាមឆ្នេររបស់ប្រទេស ប៉ូឡូញ។
កិច្ចសន្យានេះ ក៏ផ្តល់សម្រាប់ជំនួយផ្នែកដឹកជញ្ជូន និងកម្មវិធីដែលពាក់ព័ន្ធផងដែរ។ លោក Kosiniak-Kamysz បាននិយាយថា ប្រព័ន្ធនេះ នឹងត្រូវបានបញ្ជូនមក និងដាក់ឲ្យដំណើរការពេញលេញ នៅឆ្នាំ ២០២៧។