ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់អធិការខណ្ឌទាំងអស់ចេញល្បាតទ្វេដង ដើម្បីបង្ក្រាបក្មេងទំនើងដែលកំពុងបន្តកើនឡើង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់វិធានការ និងបង្ក្រាបលើបញ្ហាក្មេងទំនើងតាមទីកម្សាន្តសប្បាយភាព និងទីសាធារណៈ ដែលបញ្ហានេះត្រូវបានដាក់ចេញជាវិធានការចាំបាច់ទៅដល់អធិការដ្ឋានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងវិធានការបង្ក្រាបក្មេងទំនើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់ចេញបទបញ្ជាជាបន្ទាន់ដល់អធិការខណ្ឌទាំង១៤ ដោយរៀបចំកម្លាំងធ្វើការចុះតាមដាន និងត្រួតពិនិត្យទ្វេដងក្នុងភូមិសាស្រ្តរបស់ខ្លួន។
ជាមួយបញ្ហានេះ លោកឧត្តមឋេនីយ៍ឯក បានអំពាវនាវ និងស្នើឱ្យមានកិច្ចសហការរួមគ្នាជាមួយនគរបាល ក៏ដូចជាតាមបណ្តាគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលរបស់យុវជនទាំងអស់ចូលរួមអប់រំ និងបញ្ជៀបការយល់ដឹងអំពីការលុបបំបាត់បញ្ហាក្មេងទំនើងតាមរយៈយុទ្ធនាការសាធារណអប់រំដល់សិស្សានុសិស្ស។
លោកឧត្តមសេនីយ៍ឯក បន្ថែមថា គិតត្រឹមខែឧសភានេះ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសក្មេងទំនើង នគរបាលបង្ក្រាបបានចំនួន២០ករណី និងឃាត់ខ្លួនមនុស្សចំនួន៤៦នាក់ ខណៈ៤២នាក់ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
អត្ថបទ៖ សេក ឧត្តម



