
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) នេះ បានទទួលយកពាក្យបណ្តឹងដែលទាមទារឲ្យបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) ជុំវិញករណីផ្តល់តំណែងជារដ្ឋមន្ត្រីដល់អតីតមេធាវីដែលធា្លប់ត្រូវបានផ្តន្ទាទោសបទល្មើសព្រហ្មទណ្ឌ។
តែយ៉ាងណាក្ដី លោក សេដ្ឋា មិនទាន់ត្រូវបានព្យួរពីតួនាទីនោះទេ ដោយរង់ចាំសាលក្រម ក្នុងសំណុំរឿងនេះ។ ក្រុមសមាជិកព្រឹទ្ធសភា បានប្ដឹងតវ៉ាថា ការតែងតាំងលោក Pichit Chuenban នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី កាលពីខែមេសា គឺជាការរំលោភរដ្ឋធម្មនុញ្ញ។ លោក Pichit បានលាលែងពីតំណែង កាលពីថ្ងៃទី២១ ខែឧសភា ក្នុងកិច្ចខិតខំប្រឹងប្រែងជួយការពារលោក សេដ្ឋា ក្នុងសំណុំរឿងរបស់តុលាការនេះ។
ការសម្រេចនេះនឹងក្លាយជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលមួយ ដែលបានឃើញថា រដ្ឋមន្ត្រី ៣នាក់ហើយ បានលាលែងពីតំណែងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈពេលដែលខ្លួនប្រឹងប្រែងយ៉ាងលំបាក ក្នុងការចាប់ផ្តើមស្រោចស្រង់សេដ្ឋកិច្ចដែលដំណើរការមិនសូវល្អ និងធានាថា ខ្លួនមានមូលនិធិផ្តល់ឲ្យតាមការសន្យានៃការបោះឆ្នោតដែលត្រូវបានពន្យារពេល ក្នុងការផ្តល់សាច់ប្រាក់ដល់ប្រជាជនចំនួន ៥០លាននាក់។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋាភិបាលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
លោក Pichit ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ កាលពីឆ្នាំ២០០៨ ពីបទមិនគោរពតុលាការ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២លានបាត (៥៥.២១៨ដុល្លារ) ដែលលាក់នៅក្នុងថង់គ្រឿងទេសមួយ។ អាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានព្យួររយៈពេល ៥ឆ្នាំ បន្ទាប់ពីមានហេតុការណ៍នោះ៕