
ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុងខាគីវភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ បានបំផ្លាញហាងកាហ្វេមួយ ធ្វើឲ្យខូចខាតអគារលំនៅឋានក្បែរនោះ និងបានបណ្តាលឲ្យស្ថានីយប្រេងឥន្ធនៈមួយឆេះ ហើយមន្ត្រីក្នុងតំបន់ បាននិយាយថា មនុស្ស ១០នាក់ បានរងរបួស និងយ៉ាងតិចម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Vahe Ohandzhanian ដែលជាម្ចាស់ហាង បានប្រាប់សារព័ត៌មានរ៉យទ័រ នៅក្នុងអគារហាង កាហ្វេរបស់ខ្លួនដែលមួយផ្នែកធំ បានខូចខាតដោយសារការវាយប្រហារនេះ ដោយធ្វើឲ្យខ្ចាត់ខ្ចាយបន្ទះដំបូលដែក និងឥដ្ឋ រហូតដល់ចម្ងាយរាប់សិបម៉ែត្រ។
បង្អួចរបស់អគារកម្ពស់១២ជាន់ឆ្លងកាត់ផ្លូវ បានខូចខាតស្ទើរទាំងអស់។ នៅចម្ងាយប្រហែល ៥០ម៉ែត្រ រថយន្តក្រុងពណ៌បៃតងមួយគ្រឿង ក៏បានខូចខ្ទេចខ្ទី ហើយផ្នែកខាងក្រោយរបស់វាប្រឡាក់ដោយឈាម។
ព្រះរាជអាជ្ញាប្រចាំតំបន់ បាននិយាយថា អ្នកបើករថយន្តក្រុងនោះ បានដាច់ជើងទាំងពីរ។ រដ្ឋអាជ្ញា បានបន្ថែមនៅលើ Telegram ថា ប្រទេសរុស្ស៊ី បានប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ UMPB D-30 ដែលបាញ់ចេញពីតំបន់ជាប់ព្រំដែន Belgorod។
អភិបាលតំបន់ លោក Oleh Syniehubov បាននិយាយថា មនុស្សបីនាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ទីក្រុងខាគីវ ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន និងតំបន់ជុំវិញនោះ ត្រូវបានវាយប្រហារដោយរុស្សី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមទំហឹង ក្នុងឆ្នាំ ២០២២។