
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងធ្វើការសម្រេច នៅថ្ងៃសុក្រ (ទី២៤ ខែឧសភា) ពាក់ព័ន្ធនឹងសំណើរបស់អាហ្រ្វិកខាងត្បូង ដែលសុំឲ្យមានដីកាបញ្ជាឲ្យបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah នៅតំបន់ហ្កាហ្សា។
កាលពីសប្តាហ៍មុន អាហ្រ្វិកខាងត្បូងបានស្នើសុំ ICJ ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការពិភពលោកនោះ ឲ្យចេញដីកាបង្គាប់បញ្ជាបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងជាពិសេសនៅទីក្រុង Rafah ដើម្បីធានាដល់អាយុជីវិតរបស់ប្រជាជនប៉ាឡេស្ទីន។
ការទាមទារឲ្យមានវិធានការបន្ទាន់បែបនេះ គឺជាផ្នែកមួយនៃសំណុំរឿងធំជាងនេះ ដែលអាហ្វ្រិកខាងត្បូងបាននាំយកមកដាក់នៅចំពោះមុខតុលាការ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ តែអ៊ីស្រាអែលបានថ្កោលទោសការអះអាងរបស់អាហ្រ្វិកខាងត្បូង ដែលថា ខ្លួនបំពានអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ដោយនិយាយថា ការចោទប្រកាន់បែបនេះ គឺជាការសើចចំអកដល់ច្បាប់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
គួរបញ្ជាក់ថា កន្លងមក តុលាការបានច្រានចោលការទាមទាររបស់អ៊ីស្រាអែល ក្នុងការលុបចោលសំណុំរឿងនេះ ហើយបានបញ្ជាឲ្យខ្លួនទប់ស្កាត់កុំមានអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងប៉ាឡេស្ទីន ខណៈពេលដែលមិនបានបង្ខំឲ្យផ្អាកប្រតិបត្តិការយោធាអ៊ីស្រាអែលនោះឡើយ៕