
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់លោក នៅភាគកណ្តាលប្រទេស នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) នេះ ដោយនិយាយថា លោករំពឹងថា នឹងឃើញមានជើងហោះហើរដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ្វ៉ានដា «ត្រឹមខែកក្កដា»។
លោក Sunak ដែលគណបក្សអភិរក្សរបស់លោក បានតាមពីក្រោយគណបក្សការងារប្រហែល ២០ភាគរយ នៅក្នុងការស្ទង់មតិ គិតចាប់តាំងពីរូបលោកបានក្លាយជានាយករដ្ឋមន្ត្រី ក្នុងខែតុលា ឆ្នាំ២០២២ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងខឹងសម្បា នៅក្នុងគណបក្សរបស់លោក នៅពេលដែលលោកបានបង្កឲ្យមានហានិភ័យដល់ការបោះឆ្នោត នៅថ្ងៃទី៤ ខែកក្កដា ដោយហៅការធ្វើបែបនោះថា លឿនជាងការរំពឹងទុកជាច្រើនខែ។
ដោយទទួលបានសំណួរពីកម្មករនៅក្នុងមជ្ឈមណ្ឌលចែកចាយ នៅទីក្រុង Ilkeston លោក Sunak បាននិយាយថា ជើងហោះហើរត្រូវបានគ្រោងទុកជាផ្នែកនៃគោលនយោបាយជនអន្តោប្រវេសន៍ដ៏ធំដែលពេញទៅដោយចម្រូងចម្រាសរបស់លោក ដោយការនិយាយនោះបានកើតឡើងនៅថ្ងៃបន្ទាប់ពីរូបលោកបានប្រកាសពីការបោះឆ្នោតជាតិ នៅថ្ងៃទី៤ ខែកក្កដា។
គួរបញ្ជាក់ថា តួលេខដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា ជនអន្តោប្រវេសន៍សុទ្ធប្រចាំឆ្នាំ ដែលធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស បានធ្លាក់ចុះមកនៅត្រឹម ៦៨៥.០០០នាក់ កាលពីឆ្នាំមុន ដោយធ្លាក់ពីចំនួនខ្ពស់បំផុត ៧៦៤.០០០នាក់ ក្នុងឆ្នាំ២០២២ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា វាលឿនពេកក្នុងការប្រកាសពីនិន្នាការធ្លាក់ចុះនៃចំនួននេះ៕