
រដ្ឋមន្ត្រីការពារជាតិ និងអ្នកតំណាងនៃបណ្តាប្រទេសភាគខាងជើងរបស់អង្គការណាតូ (NATO) បានជួបជុំគ្នានៅប្រទេសលីទុយអានី នាថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
រដ្ឋលេខាធិការ នៅក្រសួងការពារជាតិរបស់ប៉ូឡូញ លោក Cezary Tomczyk បាននិយាយថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការភ្ជាប់ខ្សែការពារ West Shield របស់ខ្លួន ទៅនឹងខ្សែការពាររបស់រដ្ឋបាល់ទិក (លីទុយអានី ឡាតវី និងអេស្តូនី)។
ចំណែករដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Laurynas Kasciunas បាននិយាយថា ពួកគេកំពុងសាកល្បង និងទិញយានដ្រូនការពារដែនអាកាសដែលផលិតនៅលីទុយអានី ដើម្បីផ្តល់ជូនដល់អ៊ុយក្រែន។ ហើយជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់លើតួនាទីរបស់អាល្លឺម៉ង់ ក្នុងការផ្តល់ការការពារដែនអាកាសដ៏សំខាន់ដល់អ៊ុយក្រែនផងដែរ។
លោក Andris Spruds រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឡាតវី បាននិយាយថា ទឹកប្រាក់ប្រហែល ៥០០លានអឺរ៉ូ ត្រូវបានលើកយកមកពិភាក្សា ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវយានដ្រូន ដែលអាចការពារដែនអាកាសរបស់ខ្លួនប្រសើរឡើងជាងនេះ។
គួរបញ្ជាក់ថា ក្រុមភាគខាងជើងនេះ ត្រូវបានបង្កើតឡើងដោយប្រទេសអឺរ៉ុបខាងជើងចំនួន១២ ដែលជាសមាជិករបស់អង្គការណាតូ ដែលមានដូចជាចក្រភពអង់គ្លេស ហូឡង់ អាល្លឺម៉ង់ ប៉ូឡូញ ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវ៉ែស ស៊ុយអែត អេស្តូនី លីទុយអានី និងឡាតវី៕