លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា បន្ទាប់ពីកិច្ចពិភាក្សារយៈពេលមួយថ្ងៃនៅដែនដីក្រោមការគ្រប់គ្រងរបស់បារាំង នូវ៉ែល កាលេដូនី (New Caledonia) ថាលោកនឹងពន្យារពេលបោះឆ្នោតធ្វើកំណែទម្រង់ ដែលបានបង្កឱ្យមានកុបកម្មដ៏ធ្ងន់ធ្ងរនៅលើកោះប៉ាស៊ីហ្វិក មួយនេះ ហើយព្យាយាមស្វែងរកកិច្ចព្រមព្រៀងនយោបាយថ្មីមួយ។

ថ្លែងនៅក្នុងរដ្ឋធានី នូម៉េអា (Noumea) បន្ទាប់ពីជួបក្រុមមេដឹកនាំនយោបាយក្នុងស្រុក លោក Macron បាននិយាយថា គោលបំណងចុងក្រោយរបស់លោក គឺនៅតែចុះហត្ថលេខាលើវិធានការនេះឲ្យទៅជាច្បាប់ ប៉ុន្តែលុះត្រាតែសន្តិភាពត្រលប់មកដូចដើមវិញ ហើយកិច្ចព្រមព្រៀងទូលំទូលាយលើអនាគតរបស់កោះនេះ អាចត្រូវបានបង្កើតឡើង។

លោកបាននិយាយនៅមុខអគារគណៈកម្មាធិការជាន់ខ្ពស់បារាំងថា ខ្ញុំប្តេជ្ញាធានាថាកំណែទម្រង់នេះនឹងមិនត្រូវបានអនុវត្តដោយកម្លាំងនោះឡើយ។
មនុស្សយ៉ាងហោចណាស់៦ នាក់បានស្លាប់នៅក្នុងអំពើកុបម្មជាងមួយសប្តាហ៍ ជុំវិញផែនការដែលនឹងអនុញ្ញាតឱ្យប្រជាជនបារាំងរាប់ពាន់នាក់បន្ថែមទៀតដែលរស់នៅក្នុងដែនដី នូវ៉ែល កាលេដូនី រយៈពេល១០ ឆ្នាំអាចបោះឆ្នោតបាន។

ទីក្រុងប៉ារីសនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ ដែលស្ទើរតែ ១ភាគ៤នៃប្រជាជនចំនួន២៧១.០០០នាក់ កំណត់ថាជាជនជាតិអឺរ៉ុប ភាគច្រើនជាជនជាតិបារាំង។ ក្រុមមេដឹកនាំជនជាតិដើមភាគតិចកាណាក(Kanaks)ចង់ឱ្យលុបចោលកំណែទម្រង់នេះ ព្រោះបារម្ភថា នឹងធ្វើឱ្យសំឡេងឆ្នោតរបស់ពួកគេធ្លាក់ចុះ និងបង្កការលំបាកសម្រាប់ការបោះឆ្នោតប្រជាមតិនាពេលអនាគតស្តីពីឯករាជ្យភាពដើម្បីអនុម័ត៕