យោធារបស់ប្រទេសចិន បានចាប់ផ្តើមថ្ងៃទីពីរនៃហ្គេមសង្រ្គាមនៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃសុក្រ (២៤ ឧសភា) នេះជាមួយនឹងសមយុទ្ធដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការ «ក្រសោបយកកោះ» និងគ្រប់គ្រងតំបន់សំខាន់ៗ ដោយនោះជាសមយុទ្ធដែលខ្លួនបាននិយាយថា ត្រូវបានធ្វើឡើងដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te)។

សមយុទ្ធរយៈពេលពីរថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិននេះ បានចាប់ផ្តើមត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ឡៃ ចូលកាន់តំណែង។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានរិះគន់លោក ឡៃ ថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បានបដិសេធសុន្ទរកថាកាន់តំណែងរបស់លោកកាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រនេះ «មិនមែនចៅហ្វាយនាយ និងកូនចៅនោះទេ»។

បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងរបស់ខ្លួននៅថ្ងៃសុក្រនេះ បានបន្តជាមួយនឹងសមយុទ្ធរបស់ពួកគេដែលមានឈ្មោះថា «ដាវរួម-២០២៤A» (Joint Sword - 2024A)។ សមយុទ្ធនេះគឺដើម្បី «សាកល្បងសមត្ថភាពរួមគ្នាក្នុងការក្រសោប ការបើកការវាយប្រហារ និងកាន់កាប់តំបន់សំខាន់ៗ»។
ចិន មិនដែលច្រានចោលការប្រើកម្លាំងដើម្បីនាំកោះតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលតៃវ៉ាន់ បានរិះគន់សមយុទ្ធនេះ ហើយបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅឃ្លាំមើល៕
