មន្ត្រីអាមេរិកបីនាក់ បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ជំនួយយោធាចំនួន ២៧៥ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលនឹងរួមបញ្ចូលគ្រាប់ផ្លោងកាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ គ្រាប់ស៊ីបគោលដៅពីលើអាកាស និងរថក្រោះ។

កងកម្លាំងរបស់ទីក្រុងមូស្គូ បានវាយលុកទីក្រុង ខាគីវ (Kharkiv) ភាគឦសានរបស់អ៊ុយក្រែន អស់រយៈពេលជាច្រើនខែ ហើយបានបើកការវាយលុកជើងគោកនៅភាគខាងជើងនៃតំបន់ជុំវិញនោះកាលពីថ្ងៃទី១០ ឧសភា ដោយនោះជាការវាយលុកដែលទីក្រុងគីវ និយាយថាបង្កភាពជាប់គាំងនៅសមរភូមិជួរមុខក្នុងពេលនេះ។

ជំនួយសព្វាវុធ ដែលអាចត្រូវបានប្រកាសភ្លាមៗនៅថ្ងៃសុក្រនេះ នឹងប្រើប្រាស់អាជ្ញាធរទទួលបន្ទុកជំនួយយោធាបរទេស ដែលអនុញ្ញាតឱ្យប្រធានាធិបតីផ្ទេរច្បាប់មាត្រា និងសេវាកម្មពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក ដោយពុំមានការយល់ព្រមពីសភាជាក់លាក់ក្នុងអំឡុងពេលមានអាសន្ន។

ខណៈពេលដែលកញ្ចប់នោះរួមមានគ្រាប់បែកជាចម្បង វាក៏រួមបញ្ចូលផងដែរនូវយានយន្តដែលត្រូវបានរចនាឡើងដើម្បីសង្គ្រោះរថក្រោះដែលខូចខាត និងឧបករណ៍ធុនធ្ងន់ផ្សេងទៀតពីសមរភូមិ ដោយនោះជាសញ្ញាមួយដែលសហរដ្ឋអាមេរិករំពឹងថា ការវាយប្រហារ និងការខាតបង់លើគ្រឿងយុទ្ធោបករណ៍នឹងនៅតែបន្ត៕